17. ចូរខ្សឹកខ្សួលយ៉ាងស្ងាត់ស្ងៀម តែកុំកាន់ទុក្ខឲ្យសោះ។ ត្រូវជួតក្បាល ពាក់ស្បែកជើងធ្វើដូចធម្មតា កុំបាំងមុខ ឬបរិភោគអាហារសម្រាប់អ្នកកាន់ទុក្ខឡើយ»។
18. នៅពេលព្រឹក ខ្ញុំនិយាយជាមួយប្រជាជន លុះដល់ពេលល្ងាច ប្រពន្ធខ្ញុំបាត់បង់ជីវិត។ ស្អែកឡើង ខ្ញុំធ្វើតាមព្រះបន្ទូលដែលព្រះអម្ចាស់បានបង្គាប់មកខ្ញុំ។
19. ប្រជាជនសួរខ្ញុំថា៖ «សូមពន្យល់ប្រាប់យើងខ្ញុំផង លោកធ្វើដូច្នេះមានន័យដូចម្ដេចសម្រាប់យើងខ្ញុំ?»។
20. ខ្ញុំឆ្លើយទៅគេវិញថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ:
21. “ចូរប្រាប់ជនជាតិអ៊ីស្រាអែលថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ បន្តិចទៀត យើងនឹងបន្ទាបបន្ថោកទីសក្ការៈរបស់យើង ដែលជាទីអួតអាង ជាកម្លាំង ជាទីគាប់ចិត្ត និងជាទីសង្ឃឹមរបស់អ្នករាល់គ្នា។ កូនប្រុសកូនស្រីដែលអ្នករាល់គ្នាទុកនៅក្រុងយេរូសាឡឹម នឹងត្រូវស្លាប់ដោយមុខដាវ។
22. ពេលនោះ អ្នករាល់គ្នានឹងធ្វើដូចខ្ញុំធ្វើនេះដែរ គឺអ្នករាល់គ្នាមិនបាំងមុខ មិនបរិភោគអាហារសម្រាប់អ្នកកាន់ទុក្ខទេ។
23. អ្នករាល់គ្នានឹងជួតក្បាលពាក់ស្បែកជើងធ្វើដូចធម្មតា គឺអ្នករាល់គ្នាមិនកាន់ទុក្ខ ឬសោកសង្រេងឡើយ។ ប៉ុន្តែ អ្នករាល់គ្នាកាន់តែរីងរៃទៅៗ ព្រោះតែអំពើបាបរបស់ខ្លួន ហើយម្នាក់ៗស្រណោះស្រណោកគ្នាទៅវិញទៅមក។
24. អេសេគាលធ្វើដូច្នេះ ជាប្រផ្នូលសម្រាប់អ្នករាល់គ្នា។ អ្នករាល់គ្នានឹងធ្វើសព្វគ្រប់ទាំងអស់ដូចគាត់បានធ្វើដែរ។ ពេលហេតុការណ៍នោះកើតឡើង អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងជាព្រះជាអម្ចាស់មែន”។