7. នាងប្រគល់ខ្លួនទៅឲ្យវីរបុរសអាស្ស៊ីរីទាំងនោះ។ ពេលនាងខូចខ្លួនជាមួយសហាយទាំងប៉ុន្មានរបស់នាង នាងបានធ្វើឲ្យខ្លួនទៅជាសៅហ្មង ដោយគោរពព្រះក្លែងក្លាយទាំងប៉ុន្មានរបស់ពួកគេ។
8. នាងពុំបានលះបង់អំពើពេស្យាចារដែលខ្លួនធ្លាប់ប្រព្រឹត្ត តាំងពីនៅស្រុកអេស៊ីបនោះឡើយ កាលនៅពីក្មេង នាងប្រគល់ខ្លួនទៅឲ្យប្រុសៗ ពួកគេបង្ខូចព្រហ្មចារីរបស់នាងធ្វើឲ្យនាងក្លាយទៅជាស្រីពេស្យា។
9. ហេតុនេះហើយបានជាយើងប្រគល់នាងទៅក្នុងកណ្ដាប់ដៃរបស់សហាយនាង គឺជនជាតិអាស្ស៊ីរីដែលនាងឈ្លក់ចិត្តជាខ្លាំងនោះ។
10. ពួកគេធ្វើឲ្យនាងនៅខ្លួនទទេ ពួកគេចាប់កូនប្រុសកូនស្រីរបស់នាង ហើយប្រហារជីវិតនាងដោយមុខដាវ។ ពួកគេដាក់ទោសនាង ទុកជាមេរៀនដល់ស្ត្រីឯទៀតៗ។
11. ពេលអូហូលីបាជាប្អូនឃើញដូច្នេះ នាងមានតណ្ហាអាក្រក់ខ្លាំងជាងបងទៅទៀត។ នាងប្រព្រឹត្តអំពើពេស្យាចារអាក្រក់លើសបងរបស់ខ្លួន។
12. នាងឈ្លក់ចិត្តនឹងជនជាតិអាស្ស៊ីរី ជាទាហាន ទេសាភិបាល និងចៅក្រម។ អ្នកទាំងនោះស្លៀកពាក់យ៉ាងស្អាត ជាអ្នកជិះសេះដ៏ចំណានមានវ័យក្មេង និងរូបរាងសង្ហា។
13. យើងឃើញនាងខូចខ្លួន ទាំងបង ទាំងប្អូន ដើរតាមផ្លូវតែមួយ។
14. នាងប្រព្រឹត្តអំពើពេស្យាចារបែបនេះហើយ នៅតែមិនអស់ចិត្តទៀត។ នាងឃើញរូបប្រុសៗដែលគេឆ្លាក់នៅតាមជញ្ជាំង គឺរូបចម្លាក់របស់ជនជាតិខាល់ដេ គូរដោយពណ៌ក្រហម
15. មានខ្សែក្រវាត់នៅជុំវិញចង្កេះ មានឆ្នួតដ៏ឆើតឆាយរុំជុំវិញក្បាល។ រូបទាំងនោះមានទំនងជាមេដឹកនាំ និងមានទ្រង់ទ្រាយជាជនជាតិបាប៊ីឡូននៅស្រុកខាល់ដេ ដែលជាមាតុភូមិរបស់ពួកគេ។
16. ពេលឃើញរូបទាំងនោះ នាងចាប់ចិត្តស្នេហាភ្លាម ហើយចាត់អ្នកនាំសារទៅស្រុកខាល់ដេ។
17. ជនជាតិបាប៊ីឡូននាំគ្នាមករកនាង ដើម្បីរួមដំណេកជាមួយនាង ហើយបង្ខូចនាងឲ្យក្លាយទៅជាស្រីពេស្យា។ នាងបានខូចខ្លួនជាមួយពួកគេ រហូតដល់នាងស្អប់ខ្ពើមពួកគេ។
18. នាងបង្ហាញឲ្យគ្រប់គ្នាឃើញថា ខ្លួនជាស្រីពេស្យា នាងបើកកេរខ្មាសឲ្យគេឃើញ។ ហេតុនេះ យើងស្អប់ខ្ពើមនាង ដូចយើងស្អប់ខ្ពើមបងស្រីរបស់នាងដែរ។
19. កាលនាងនឹកឃើញគ្រាដែលនាងនៅក្មេង គឺគ្រាដែលនាងធ្វើជាស្រីពេស្យានៅស្រុកអេស៊ីប នាងរឹតតែប្រព្រឹត្តអំពើពេស្យាចារកាន់តែច្រើនឡើងៗ។
20. នាងឈ្លក់ចិត្តនឹងពួកសហាយរបស់នាង ដែលមានសាច់ឈាមដូចសត្វលា និងពូកែចែចង់ដូចសេះឈ្មោល។
21. នាងចង់ប្រព្រឹត្តអំពើថោកទាប ដូចនាងធ្លាប់ប្រព្រឹត្តកាលនៅពីក្មេង គឺនៅគ្រាដែលពួកអេស៊ីបប៉ះពាល់ដើមទ្រូងរបស់នាង និងធ្វើឲ្យនាងខូចព្រហ្មចារី»។
22. ហេតុនេះ អូហូលីបាអើយ ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ៖ «យើងនឹងនាំសហាយរបស់នាង គឺអស់អ្នកដែលនាងស្អប់ខ្ពើមនោះឲ្យមកប្រឆាំងនឹងនាង។ យើងនឹងនាំពួកគេមកវាយប្រហារនាងពីគ្រប់ទិសទី។