38. មិនតែប៉ុណ្ណោះសោត នៅថ្ងៃដដែលនោះ ពួកនាងប្រព្រឹត្តអាក្រក់ចំពោះយើងថែមទៀត គឺធ្វើឲ្យទីសក្ការៈរបស់យើងទៅជាសៅហ្មង និងរំលោភលើថ្ងៃសប្ប័ទ*របស់យើង។
39. ក្នុងថ្ងៃតែមួយ ពួកនាងសម្លាប់កូនរបស់ខ្លួនសែនព្រះក្លែងក្លាយ រួចចូលទៅប្រមាថទីសក្ការៈរបស់យើង។ នេះហើយជាអំពើដែលពួកនាងប្រព្រឹត្តនៅក្នុងដំណាក់របស់យើង។
40. លើសពីនេះ ពួកនាងបានចាត់អ្នកនាំសារទៅរកប្រុសៗនៅស្រុកឆ្ងាយ និងហៅគេឲ្យមក។ អ្នកទាំងនោះក៏នាំគ្នាមក។ នាងងូតទឹក ដើម្បីទទួលពួកគេ ដោយផាត់ម្សៅ និងពាក់គ្រឿងអលង្ការទៀតផង។
41. នាងអង្គុយនៅលើគ្រែតាក់តែងយ៉ាងស្អាត នៅមុខមានតុមួយដែលនាងយកគ្រឿងក្រអូប និងប្រេងរបស់យើងមកដាក់ទទួលពួកគេ។
42. សម្រែករបស់មនុស្សដ៏ច្រើនកុះករ ដែលគ្មានកង្វល់អ្វី បានលាន់ឮឡើង ក្នុងចំណោមអ្នកទាំងនោះ មានមនុស្សមួយចំនួនដែលមកពីគ្រប់ទិសតំបន់នៃវាលរហោស្ថាន គេបានពាក់កងដៃឲ្យនាងទាំងពីរ និងពាក់មកុដដ៏ល្អប្រណីតនៅលើក្បាលផង។
43. ពេលនោះ យើងក៏ឧទានឡើងថា “មើលចុះ សូម្បីស្រីដែលបាត់បង់សម្ផស្សដោយសារអំពើពេស្យាចារ ក៏នៅតែប្រព្រឹត្តអំពើប្រាសចាកសីលធម៌ដែរ!”។
44. ពួកគេទៅរកនាង ដូចទៅរកស្រីពេស្យា គឺពួកគេទៅរកនាងអូហូឡា និងនាងអូហូលីបា ជាស្រីថោកទាប។
45. ប៉ុន្តែ មនុស្សសុចរិតនឹងវិនិច្ឆ័យទោសស្រីទាំងពីរនោះ ដូចគេវិនិច្ឆ័យទោសស្រីផិតក្បត់ និងស្រីដែលសម្លាប់គេ ដ្បិតនាងទាំងពីរជាស្រីផិតក្បត់ ហើយដៃប្រឡាក់ដោយឈាម»។
46. ហេតុនេះ ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «ចូរកោះហៅមនុស្សម្នាឲ្យមកជួបជុំគ្នាប្រឆាំងនឹងនាងទាំងពីរ។ យើងនឹងធ្វើឲ្យនាងភ័យតក់ស្លុត ហើយឲ្យគេរឹបអូសយកទ្រព្យសម្បត្តិរបស់នាង។
47. ចូរយកដុំថ្មគប់នាងទាំងពីរ ចូរសម្លាប់នាងទាំងពីរ ដោយមុខដាវ ចូរសម្លាប់កូនប្រុសកូនស្រីរបស់នាង ព្រមទាំងដុតកម្ទេចផ្ទះរបស់នាងទៀតផង។
48. យើងនឹងបំបាត់អំពើប្រាសចាកសីលធម៌ឲ្យអស់ពីក្នុងស្រុក។ ស្ត្រីទាំងអស់នឹងយករឿងនេះទុកជាមេរៀន ហើយមិនប្រព្រឹត្តអំពើប្រាសចាកសីលធម៌ដូចនាងទៀតឡើយ។
49. នាងទាំងពីរនឹងទទួលទោស តាមអំពើប្រាសចាកសីលធម៌ និងអំពើបាបដែលនាងប្រព្រឹត្តដោយគោរពព្រះក្លែងក្លាយ។ ពេលនោះ នាងនឹងទទួលស្គាល់ថា យើងពិតជាព្រះជាអម្ចាស់មែន»។