38. មិនតែប៉ុណ្ណោះសោត នៅថ្ងៃដដែលនោះ ពួកនាងប្រព្រឹត្តអាក្រក់ចំពោះយើងថែមទៀត គឺធ្វើឲ្យទីសក្ការៈរបស់យើងទៅជាសៅហ្មង និងរំលោភលើថ្ងៃសប្ប័ទ*របស់យើង។
39. ក្នុងថ្ងៃតែមួយ ពួកនាងសម្លាប់កូនរបស់ខ្លួនសែនព្រះក្លែងក្លាយ រួចចូលទៅប្រមាថទីសក្ការៈរបស់យើង។ នេះហើយជាអំពើដែលពួកនាងប្រព្រឹត្តនៅក្នុងដំណាក់របស់យើង។
40. លើសពីនេះ ពួកនាងបានចាត់អ្នកនាំសារទៅរកប្រុសៗនៅស្រុកឆ្ងាយ និងហៅគេឲ្យមក។ អ្នកទាំងនោះក៏នាំគ្នាមក។ នាងងូតទឹក ដើម្បីទទួលពួកគេ ដោយផាត់ម្សៅ និងពាក់គ្រឿងអលង្ការទៀតផង។
41. នាងអង្គុយនៅលើគ្រែតាក់តែងយ៉ាងស្អាត នៅមុខមានតុមួយដែលនាងយកគ្រឿងក្រអូប និងប្រេងរបស់យើងមកដាក់ទទួលពួកគេ។
42. សម្រែករបស់មនុស្សដ៏ច្រើនកុះករ ដែលគ្មានកង្វល់អ្វី បានលាន់ឮឡើង ក្នុងចំណោមអ្នកទាំងនោះ មានមនុស្សមួយចំនួនដែលមកពីគ្រប់ទិសតំបន់នៃវាលរហោស្ថាន គេបានពាក់កងដៃឲ្យនាងទាំងពីរ និងពាក់មកុដដ៏ល្អប្រណីតនៅលើក្បាលផង។
43. ពេលនោះ យើងក៏ឧទានឡើងថា “មើលចុះ សូម្បីស្រីដែលបាត់បង់សម្ផស្សដោយសារអំពើពេស្យាចារ ក៏នៅតែប្រព្រឹត្តអំពើប្រាសចាកសីលធម៌ដែរ!”។