35. ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ៖«ដោយនាងបានបំភ្លេចយើងដោយនាងបែរខ្នងដាក់យើងនាងនឹងត្រូវរងទុក្ខទោសព្រោះតែអំពើថោកទាបនិងអំពើពេស្យាចាររបស់ខ្លួន»។
36. ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ ចូរវិនិច្ឆ័យទោសអូហូឡា និងអូហូលីបាទៅ! ចូររៀបរាប់ឲ្យនាងទាំងពីរស្គាល់អំពើគួរស្អប់ខ្ពើមរបស់ខ្លួន
37. ដ្បិតនាងទាំងពីរបានប្រព្រឹត្តអំពើផិតក្បត់ ហើយដៃប្រឡាក់ទៅដោយឈាម។ ពួកនាងបានប្រព្រឹត្តអំពើផិតក្បត់ជាមួយព្រះក្លែងក្លាយ ព្រមទាំងយកកូនដែលនាងបានបង្កើតឲ្យយើងទៅដុត សែនព្រះទាំងនោះទៀតផង។
38. មិនតែប៉ុណ្ណោះសោត នៅថ្ងៃដដែលនោះ ពួកនាងប្រព្រឹត្តអាក្រក់ចំពោះយើងថែមទៀត គឺធ្វើឲ្យទីសក្ការៈរបស់យើងទៅជាសៅហ្មង និងរំលោភលើថ្ងៃសប្ប័ទ*របស់យើង។
39. ក្នុងថ្ងៃតែមួយ ពួកនាងសម្លាប់កូនរបស់ខ្លួនសែនព្រះក្លែងក្លាយ រួចចូលទៅប្រមាថទីសក្ការៈរបស់យើង។ នេះហើយជាអំពើដែលពួកនាងប្រព្រឹត្តនៅក្នុងដំណាក់របស់យើង។
40. លើសពីនេះ ពួកនាងបានចាត់អ្នកនាំសារទៅរកប្រុសៗនៅស្រុកឆ្ងាយ និងហៅគេឲ្យមក។ អ្នកទាំងនោះក៏នាំគ្នាមក។ នាងងូតទឹក ដើម្បីទទួលពួកគេ ដោយផាត់ម្សៅ និងពាក់គ្រឿងអលង្ការទៀតផង។