27. យើងនឹងបញ្ឈប់នាង លែងឲ្យប្រព្រឹត្តអំពើថោកទាប និងអំពើពេស្យាចារដែលនាងធ្លាប់ប្រព្រឹត្ត តាំងពីនៅស្រុកអេស៊ីបរហូតតរៀងមក។ នាងលែងជំពាក់ចិត្តលើសហាយរបស់នាង ហើយក៏លែងនឹកនាដល់ស្រុកអេស៊ីបទៀតដែរ។
28. យើងជាព្រះជាអម្ចាស់ យើងប្រាប់ឲ្យនាងដឹងថា យើងនឹងប្រគល់នាងទៅក្នុងកណ្ដាប់ដៃរបស់អស់អ្នកដែលនាងស្អប់ គឺអស់អ្នកដែលនាងជិនណាយ។
29. ពួកគេនឹងប្រព្រឹត្តចំពោះនាងដោយចិត្តស្អប់ ពួកគេនឹងរឹបអូសយកអ្វីៗទាំងអស់ដែលនាងខំប្រឹងរក ហើយទុកឲ្យនាងនៅខ្លួនទទេ។ មនុស្សម្នានឹងឃើញកេរខ្មាសរបស់នាង គេនឹងដឹងថានាងជាស្រីពេស្យា។
30. គេប្រព្រឹត្តចំពោះនាងដូច្នេះ មកពីនាងប្រព្រឹត្តអំពើថោកទាប និងអំពើពេស្យាចារ តាមប្រជាជាតិនានា ព្រមទាំងធ្វើឲ្យខ្លួនសៅហ្មង ដោយគោរពព្រះក្លែងក្លាយរបស់ពួកគេ។
31. នាងបានដើរតាមផ្លូវរបស់បងស្រីនាង ហេតុនេះ យើងនឹងឲ្យពែងនៃទុក្ខទោសដល់នាង ដូចបងស្រីរបស់នាងដែរ»។
32. ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ៖«នាងនឹងផឹកពីពែងនៃទុក្ខទោសដូចបងស្រីរបស់នាងពែងនេះធំ ហើយជ្រៅថែមទៀតផង។មនុស្សម្នានឹងសើចចំអកមើលងាយនាងព្រោះពែងនោះពេញបរិបូណ៌។
33. នាងនឹងវង្វេងស្មារតីដោយរងទុក្ខជាខ្លាំងដ្បិតពែងនោះជាពែងនៃការភ័យខ្លាចនិងការវិនាសហិនហោចគឺពែងរបស់សាម៉ារី ជាបងស្រីនាង។
34. នាងនឹងផឹក រហូតទាល់តែអស់ពីពែងរួចនាងខាំបំបែកពែងនោះជាច្រើនបំណែកហើយយកអំបែងមកឆូតសាច់ខ្លួនឯងដូចយើងបាននិយាយទុកមែន»- នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
35. ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ៖«ដោយនាងបានបំភ្លេចយើងដោយនាងបែរខ្នងដាក់យើងនាងនឹងត្រូវរងទុក្ខទោសព្រោះតែអំពើថោកទាបនិងអំពើពេស្យាចាររបស់ខ្លួន»។
36. ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ ចូរវិនិច្ឆ័យទោសអូហូឡា និងអូហូលីបាទៅ! ចូររៀបរាប់ឲ្យនាងទាំងពីរស្គាល់អំពើគួរស្អប់ខ្ពើមរបស់ខ្លួន
37. ដ្បិតនាងទាំងពីរបានប្រព្រឹត្តអំពើផិតក្បត់ ហើយដៃប្រឡាក់ទៅដោយឈាម។ ពួកនាងបានប្រព្រឹត្តអំពើផិតក្បត់ជាមួយព្រះក្លែងក្លាយ ព្រមទាំងយកកូនដែលនាងបានបង្កើតឲ្យយើងទៅដុត សែនព្រះទាំងនោះទៀតផង។
38. មិនតែប៉ុណ្ណោះសោត នៅថ្ងៃដដែលនោះ ពួកនាងប្រព្រឹត្តអាក្រក់ចំពោះយើងថែមទៀត គឺធ្វើឲ្យទីសក្ការៈរបស់យើងទៅជាសៅហ្មង និងរំលោភលើថ្ងៃសប្ប័ទ*របស់យើង។