19. កាលនាងនឹកឃើញគ្រាដែលនាងនៅក្មេង គឺគ្រាដែលនាងធ្វើជាស្រីពេស្យានៅស្រុកអេស៊ីប នាងរឹតតែប្រព្រឹត្តអំពើពេស្យាចារកាន់តែច្រើនឡើងៗ។
20. នាងឈ្លក់ចិត្តនឹងពួកសហាយរបស់នាង ដែលមានសាច់ឈាមដូចសត្វលា និងពូកែចែចង់ដូចសេះឈ្មោល។
21. នាងចង់ប្រព្រឹត្តអំពើថោកទាប ដូចនាងធ្លាប់ប្រព្រឹត្តកាលនៅពីក្មេង គឺនៅគ្រាដែលពួកអេស៊ីបប៉ះពាល់ដើមទ្រូងរបស់នាង និងធ្វើឲ្យនាងខូចព្រហ្មចារី»។
22. ហេតុនេះ អូហូលីបាអើយ ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ៖ «យើងនឹងនាំសហាយរបស់នាង គឺអស់អ្នកដែលនាងស្អប់ខ្ពើមនោះឲ្យមកប្រឆាំងនឹងនាង។ យើងនឹងនាំពួកគេមកវាយប្រហារនាងពីគ្រប់ទិសទី។
23. ជនជាតិបាប៊ីឡូន និងជនជាតិខាល់ដេទាំងអស់ អ្នកស្រុកពេកុដ សូអា និងកូអា ព្រមទាំងជនជាតិអាស្ស៊ីរីទាំងប៉ុន្មានក៏លើកគ្នាមកដែរ អ្នកទាំងនោះមានវ័យក្មេង និងរូបរាងសង្ហា ពួកគេសុទ្ធតែជាទេសាភិបាល និងមេដឹកនាំ ជានាយទាហានដ៏ខ្ពង់ខ្ពស់ ហើយសុទ្ធតែជាអ្នកជិះសេះដ៏ចំណាន។
24. ពួកគេលើកគ្នាពីទិសខាងជើងមកវាយប្រហារនាង ដោយមានរទេះសេះ រទេះចំបាំង និងពលទាហានដ៏ច្រើន។ ពួកគេឡោមព័ទ្ធនាងគ្រប់ទិសទី ដោយមានខែលតូចធំ និងមួកដែក។ យើងនឹងប្រគល់សំណុំរឿងរបស់នាងទៅឲ្យពួកគេ ហើយពួកគេនឹងវិនិច្ឆ័យទោសនាង តាមច្បាប់របស់ពួកគេ។
25. ដោយយើងមានចិត្តប្រច័ណ្ឌ យើងនឹងបណ្ដោយឲ្យពួកគេធ្វើបាបនាងយ៉ាងឃោរឃៅ ពួកគេកាត់ច្រមុះ និងកាត់ត្រចៀកនាង ព្រមទាំងសម្លាប់កូនចៅរបស់នាង ដោយមុខដាវ ពួកគេនឹងយកកូនប្រុសកូនស្រីរបស់នាងទៅដុតទាំងរស់។
26. ពួកគេនឹងយកសម្លៀកបំពាក់ ព្រមទាំងគ្រឿងអលង្ការចេញពីនាង។
27. យើងនឹងបញ្ឈប់នាង លែងឲ្យប្រព្រឹត្តអំពើថោកទាប និងអំពើពេស្យាចារដែលនាងធ្លាប់ប្រព្រឹត្ត តាំងពីនៅស្រុកអេស៊ីបរហូតតរៀងមក។ នាងលែងជំពាក់ចិត្តលើសហាយរបស់នាង ហើយក៏លែងនឹកនាដល់ស្រុកអេស៊ីបទៀតដែរ។
28. យើងជាព្រះជាអម្ចាស់ យើងប្រាប់ឲ្យនាងដឹងថា យើងនឹងប្រគល់នាងទៅក្នុងកណ្ដាប់ដៃរបស់អស់អ្នកដែលនាងស្អប់ គឺអស់អ្នកដែលនាងជិនណាយ។
29. ពួកគេនឹងប្រព្រឹត្តចំពោះនាងដោយចិត្តស្អប់ ពួកគេនឹងរឹបអូសយកអ្វីៗទាំងអស់ដែលនាងខំប្រឹងរក ហើយទុកឲ្យនាងនៅខ្លួនទទេ។ មនុស្សម្នានឹងឃើញកេរខ្មាសរបស់នាង គេនឹងដឹងថានាងជាស្រីពេស្យា។
30. គេប្រព្រឹត្តចំពោះនាងដូច្នេះ មកពីនាងប្រព្រឹត្តអំពើថោកទាប និងអំពើពេស្យាចារ តាមប្រជាជាតិនានា ព្រមទាំងធ្វើឲ្យខ្លួនសៅហ្មង ដោយគោរពព្រះក្លែងក្លាយរបស់ពួកគេ។
31. នាងបានដើរតាមផ្លូវរបស់បងស្រីនាង ហេតុនេះ យើងនឹងឲ្យពែងនៃទុក្ខទោសដល់នាង ដូចបងស្រីរបស់នាងដែរ»។
32. ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ៖«នាងនឹងផឹកពីពែងនៃទុក្ខទោសដូចបងស្រីរបស់នាងពែងនេះធំ ហើយជ្រៅថែមទៀតផង។មនុស្សម្នានឹងសើចចំអកមើលងាយនាងព្រោះពែងនោះពេញបរិបូណ៌។