1. ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំ ដូចតទៅ៖
2. «កូនមនុស្សអើយ មានស្ត្រីពីរនាក់ជាបងប្អូនបង្កើត។
3. កាលនៅពីក្មេង នាងទាំងពីររស់នៅក្នុងស្រុកអេស៊ីប ហើយបានខូចខ្លួនដោយប្រព្រឹត្តអំពើពេស្យាចារ។
4. នាងបងឈ្មោះ អូហូឡា នាងប្អូនឈ្មោះ អូហូលីបា។ ពីមុននាងទាំងពីរជាភរិយារបស់យើង នាងបង្កើតបានកូនប្រុសកូនស្រី។ អូហូឡាគឺក្រុងសាម៉ារី រីឯអូហូលីបាគឺក្រុងយេរូសាឡឹម។
5. អូហូឡាបានក្បត់ចិត្តយើងទៅប្រព្រឹត្តពេស្យាចារ ហើយបែរទៅសហាយស្មន់ជាមួយពួកអាស្ស៊ីរីជាទាហាន
6. ដែលស្លៀកពាក់ក្រណាត់ពណ៌ស្វាយជាទេសាភិបាល និងចៅក្រម។ អ្នកទាំងនោះមានវ័យក្មេង និងរូបរាងសង្ហា ហើយសុទ្ធសឹងជាអ្នកជិះសេះដ៏ចំណាន។
7. នាងប្រគល់ខ្លួនទៅឲ្យវីរបុរសអាស្ស៊ីរីទាំងនោះ។ ពេលនាងខូចខ្លួនជាមួយសហាយទាំងប៉ុន្មានរបស់នាង នាងបានធ្វើឲ្យខ្លួនទៅជាសៅហ្មង ដោយគោរពព្រះក្លែងក្លាយទាំងប៉ុន្មានរបស់ពួកគេ។
8. នាងពុំបានលះបង់អំពើពេស្យាចារដែលខ្លួនធ្លាប់ប្រព្រឹត្ត តាំងពីនៅស្រុកអេស៊ីបនោះឡើយ កាលនៅពីក្មេង នាងប្រគល់ខ្លួនទៅឲ្យប្រុសៗ ពួកគេបង្ខូចព្រហ្មចារីរបស់នាងធ្វើឲ្យនាងក្លាយទៅជាស្រីពេស្យា។
9. ហេតុនេះហើយបានជាយើងប្រគល់នាងទៅក្នុងកណ្ដាប់ដៃរបស់សហាយនាង គឺជនជាតិអាស្ស៊ីរីដែលនាងឈ្លក់ចិត្តជាខ្លាំងនោះ។
10. ពួកគេធ្វើឲ្យនាងនៅខ្លួនទទេ ពួកគេចាប់កូនប្រុសកូនស្រីរបស់នាង ហើយប្រហារជីវិតនាងដោយមុខដាវ។ ពួកគេដាក់ទោសនាង ទុកជាមេរៀនដល់ស្ត្រីឯទៀតៗ។
11. ពេលអូហូលីបាជាប្អូនឃើញដូច្នេះ នាងមានតណ្ហាអាក្រក់ខ្លាំងជាងបងទៅទៀត។ នាងប្រព្រឹត្តអំពើពេស្យាចារអាក្រក់លើសបងរបស់ខ្លួន។
12. នាងឈ្លក់ចិត្តនឹងជនជាតិអាស្ស៊ីរី ជាទាហាន ទេសាភិបាល និងចៅក្រម។ អ្នកទាំងនោះស្លៀកពាក់យ៉ាងស្អាត ជាអ្នកជិះសេះដ៏ចំណានមានវ័យក្មេង និងរូបរាងសង្ហា។
13. យើងឃើញនាងខូចខ្លួន ទាំងបង ទាំងប្អូន ដើរតាមផ្លូវតែមួយ។
14. នាងប្រព្រឹត្តអំពើពេស្យាចារបែបនេះហើយ នៅតែមិនអស់ចិត្តទៀត។ នាងឃើញរូបប្រុសៗដែលគេឆ្លាក់នៅតាមជញ្ជាំង គឺរូបចម្លាក់របស់ជនជាតិខាល់ដេ គូរដោយពណ៌ក្រហម
15. មានខ្សែក្រវាត់នៅជុំវិញចង្កេះ មានឆ្នួតដ៏ឆើតឆាយរុំជុំវិញក្បាល។ រូបទាំងនោះមានទំនងជាមេដឹកនាំ និងមានទ្រង់ទ្រាយជាជនជាតិបាប៊ីឡូននៅស្រុកខាល់ដេ ដែលជាមាតុភូមិរបស់ពួកគេ។