19. ហេតុនេះព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «ដោយអ្នកទាំងអស់គ្នាប្រៀបដូចជាលោហធាតុមិនសុទ្ធ យើងនឹងប្រមូលអ្នករាល់គ្នាមកដាក់នៅកណ្ដាលក្រុងយេរូសាឡឹម។
20. យើងនឹងគរអ្នករាល់គ្នាដុត តាមកំហឹងដ៏ខ្លាំងក្លារបស់យើង ដូចគេប្រមូលប្រាក់ លង្ហិន ដែក សំណ និងស្ពាន់មកដាក់ជាគំនរ ដុតរំលាយនៅក្នុងភ្លើងយ៉ាងនោះដែរ។
21. យើងនឹងដាក់អ្នករាល់គ្នាជាគំនរ រួចផ្លុំភ្លើងនៃកំហឹងរបស់យើង ដុតអ្នករាល់គ្នាឲ្យរលាយនៅកណ្ដាលក្រុងយេរូសាឡឹម។
22. អ្នករាល់គ្នានឹងរលាយនៅកណ្ដាលក្រុងយេរូសាឡឹម ដូចប្រាក់រលាយនៅក្នុងឡ។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងជាព្រះអម្ចាស់ យើងបានជះកំហឹងរបស់យើងលើអ្នករាល់គ្នា»។
23. ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖
24. «កូនមនុស្សអើយ ចូរប្រាប់ក្រុងយេរូសាឡឹមទៀតថា: អ្នកជាទឹកដីមិនបរិសុទ្ធ ជាដីដែលគ្មានភ្លៀងស្រោចស្រព នៅថ្ងៃយើងខឹង។
25. ព្យាការីរបស់អ្នកឃុបឃិតគ្នានៅក្នុងក្រុងនេះ ដូចសិង្ហគ្រហឹមបម្រុងហែករំពាស៊ី។ ពួកគេប្រហារជីវិតមនុស្ស ដើម្បីរឹបអូសយកទ្រព្យសម្បត្តិ និងរបស់របរដ៏មានតម្លៃ ពួកគេធ្វើឲ្យស្ត្រីមេម៉ាយកើនចំនួនច្រើនឡើងៗនៅក្នុងទីក្រុង។
26. បូជាចារ្យរបស់អ្នក នាំគ្នាបំពានលើក្រឹត្យវិន័យរបស់យើង និងបន្ថោកទីសក្ការៈរបស់យើង។ ពួកគេមិនចេះសម្គាល់មើលថា អ្វីវិសុទ្ធ*ឬមិនវិសុទ្ធ ហើយក៏មិនបង្រៀនប្រជាជនឲ្យស្គាល់អ្វីបរិសុទ្ធ* និងអ្វីមិនបរិសុទ្ធដែរ។ ពួកគេមិនរវីរវល់នឹងថ្ងៃសប្ប័ទ*របស់យើងទេ ដូច្នេះ នៅក្រុងយេរូសាឡឹមគ្មាននរណាគោរពយើងទៀតឡើយ។
27. មេដឹកនាំរបស់ក្រុងនេះប្រៀបបាននឹងចចកដែលហែករំពាស៊ី គឺពួកគេនាំគ្នាបង្ហូរឈាម និងប្រហារជីវិតមនុស្សដណ្ដើមយកទ្រព្យសម្បត្តិ។
28. ព្យាការីរបស់គេជាមនុស្សលាក់ពុត គឺប្រកាសអំពីនិមិត្តហេតុក្លែងក្លាយ និងការទស្សន៍ទាយបោកប្រាស់។ ពួកគេពោលថា “ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ” តែព្រះអម្ចាស់ឥតមានព្រះបន្ទូលតាមរយៈពួកគេឡើយ។
29. ប្រជាជននៅក្នុងស្រុកនេះនាំគ្នាប្រព្រឹត្តអំពើឃោរឃៅ លួចប្លន់ និងកេងប្រវ័ញ្ចជនកំសត់ទុគ៌ត ជិះជាន់សង្កត់សង្កិនជនបរទេសដោយអយុត្តិធម៌។