13. យើងនឹងទះដៃដោយកំហឹងដាក់ក្រុងនេះ ព្រោះតែពួកគេជំរិតជិះជាន់ និងប្រហារជីវិតគ្នា។
14. យេរូសាឡឹមអើយ នៅគ្រាយើងដាក់ទោសអ្នក តើអ្នកមានកម្លាំងកាយ កម្លាំងចិត្តទ្រាំទ្របានឬទេ? យើងជាព្រះអម្ចាស់ យើងនិយាយយ៉ាងណា យើងសម្រេចយ៉ាងនោះ។
15. យើងនឹងបំបែកប្រជាជនរបស់អ្នក ទៅក្នុងចំណោមប្រជាជាតិទាំងឡាយ យើងនឹងកំចាត់កំចាយប្រជាជនរបស់អ្នកឲ្យទៅនៅតាមស្រុកនានា យើងនឹងធ្វើឲ្យអ្នកលែងប្រព្រឹត្តអំពើសៅហ្មងទៀត។
16. អ្នកបង្អាប់បង្អោនកិត្តិយសខ្លួនឯង នៅចំពោះមុខប្រជាជាតិទាំងឡាយ។ ពេលនោះ អ្នកនឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន»។
17. ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖
18. «កូនមនុស្សអើយ ពូជពង្សអ៊ីស្រាអែលលែងមានតម្លៃអ្វីសម្រាប់យើងទៀតហើយ ពួកគេប្រៀបដូចជាលោហធាតុដែលមិនសុទ្ធ គឺប្រាក់ លង្ហិន ស្ពាន់ ដែក និងសំណ ដែលត្រូវដាក់ក្នុងឡ»។
19. ហេតុនេះព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «ដោយអ្នកទាំងអស់គ្នាប្រៀបដូចជាលោហធាតុមិនសុទ្ធ យើងនឹងប្រមូលអ្នករាល់គ្នាមកដាក់នៅកណ្ដាលក្រុងយេរូសាឡឹម។
20. យើងនឹងគរអ្នករាល់គ្នាដុត តាមកំហឹងដ៏ខ្លាំងក្លារបស់យើង ដូចគេប្រមូលប្រាក់ លង្ហិន ដែក សំណ និងស្ពាន់មកដាក់ជាគំនរ ដុតរំលាយនៅក្នុងភ្លើងយ៉ាងនោះដែរ។