1. ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំ ដូចតទៅ៖
2. «កូនមនុស្សអើយ ចូរវិនិច្ឆ័យទោស! ចូរវិនិច្ឆ័យទោសក្រុងដែលពោរពេញដោយឃាតកម្មនេះទៅ! ចូរប្រាប់ពួកគេឲ្យស្គាល់អំពើគួរស្អប់ខ្ពើមទាំងប៉ុន្មានរបស់ខ្លួន។
3. ចូរពោលថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: ដោយប្រជាជននៅក្រុងនេះកាប់សម្លាប់គ្នា និងធ្វើឲ្យខ្លួនសៅហ្មង ព្រោះតែគោរពព្រះក្លែងក្លាយដែលពួកគេបានសូន ថ្ងៃកំណត់របស់ពួកគេមកដល់ហើយ។
4. យេរូសាឡឹមអើយ អ្នកមានទោស ព្រោះតែការកាប់សម្លាប់គ្នា និងធ្វើឲ្យខ្លួនសៅហ្មង ព្រោះតែគោរពព្រះក្លែងក្លាយដែលអ្នកបានសូន។ អ្នកធ្វើឲ្យខ្លួនមានអាយុខ្លី ជីវិតអ្នកជិតដល់ទីបញ្ចប់ហើយ។ ហេតុនេះ យើងនឹងប្រគល់អ្នកទៅឲ្យប្រជាជាតិទាំងឡាយបន្ទាបបន្ថោក ហើយមនុស្សម្នាគ្រប់ស្រុកនឹងមើលងាយអ្នក។
5. សាសន៍ដទៃទាំងជិតទាំងឆ្ងាយនាំគ្នាមើលងាយអ្នក ដ្បិតអ្នកបន្ថោកកេរ្តិ៍ឈ្មោះខ្លួនឯង និងបំពានលើវិន័យយ៉ាងធ្ងន់ធ្ងរ។
6. មេដឹកនាំអ៊ីស្រាអែលប្រើកម្លាំងរបស់ខ្លួនបង្ហូរឈាមគេនៅក្នុងក្រុងនេះ។
7. ប្រជាជននៅក្រុងយេរូសាឡឹមមាក់ងាយឪពុកម្ដាយ ប្រព្រឹត្តអំពើឃោរឃៅទៅលើជនបរទេស ព្រមទាំងកេងប្រវ័ញ្ចក្មេងកំព្រា និងស្ត្រីមេម៉ាយ។
8. ពួកគេមើលងាយទីសក្ការៈ និងរំលោភលើថ្ងៃសប្ប័ទ*របស់យើង។
9. នៅក្រុងនេះមានមនុស្សនិយាយមួលបង្កាច់ ដើម្បីរកលេសសម្លាប់គ្នា។ ពួកគេបរិភោគសំណែនដែលគេសែនព្រះក្លែងក្លាយនៅតាមភ្នំនានា ព្រមទាំងប្រព្រឹត្តអំពើដ៏ថោកទាបទៀតផង។
10. អ្នកខ្លះរួមដំណេកជាមួយប្រពន្ធចុងរបស់ឪពុកខ្លួន ពួកគេបង្ខំស្ត្រីដែលកំពុងមានរដូវឲ្យរួមដំណេកជាមួយខ្លួន។
11. អ្នកខ្លះរួមដំណេកជាមួយប្រពន្ធគេ អ្នកខ្លះរួមដំណេកជាមួយកូនប្រសារបស់ខ្លួន អ្នកខ្លះទៀតរំលោភលើប្អូនស្រីរបស់ខ្លួន គឺកូនកើតពីម្ដាយទីទៃ។
12. អ្នកខ្លះទទួលសំណូក ដើម្បីធ្វើឃាតគេ ពួកគេទារការប្រាក់ហួសកម្រិត សង្កត់សង្កិន ជំរិតយកប្រាក់គ្នា។ យេរូសាឡឹមអើយ អ្នកបានបំភ្លេចយើងចោលហើយ - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។