18. ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំ ដូចតទៅ៖
19. «កូនមនុស្សអើយ ចូរគូរផ្លូវពីរសម្រាប់ដាវរបស់ស្ដេចស្រុកបាប៊ីឡូន ផ្លូវទាំងពីរនេះចេញពីស្រុកតែមួយ។ ចូរដាក់សញ្ញាសម្គាល់នៅមាត់ផ្លូវ ដែលនាំទៅកាន់ទីក្រុងនីមួយៗ។
20. ចូរគូរផ្លូវមួយ នាំមុខដាវឆ្ពោះទៅក្រុងរ៉ាបាត ក្នុងស្រុកអាំម៉ូន និងមួយទៀតនាំទៅក្រុងយេរូសាឡឹម ក្នុងស្រុកយូដា ជាក្រុងដែលមានកំពែងរឹងមាំ។
21. ពេលស្ដេចស្រុកបាប៊ីឡូនមកដល់ត្រង់ផ្លូវបំបែក ហើយគន់គូរចង់ដឹងផ្លូវដែលត្រូវទៅ ដោយអង្រួនព្រួញផ្សង និងសួរគ្រូ។
22. ដៃស្ដាំរបស់ស្ដេចចាប់ប៉ះចំលើព្រួញតំណាងក្រុងយេរូសាឡឹម ស្ដេចក៏បញ្ជាឲ្យគេរៀបចំទ័ព ចូលទៅសម្លាប់រង្គាល ទាំងស្រែកហ៊ោ។ គេតំរៀបគ្រឿងសស្ត្រាវុធ ដើម្បីទម្លុះទ្វារក្រុង គេលើកទួលសម្រាប់វាយលុក ព្រមទាំងសង់លេណដ្ឋានទៀតផង។
23. ប្រជាជនក្រុងយេរូសាឡឹមមិនចង់ជឿប្រផ្នូលនេះទេ ព្រោះពួកគេពឹងផ្អែកលើកិច្ចសន្យា។ ប៉ុន្តែ ស្ដេចស្រុកបាប៊ីឡូនរំឭកពួកគេអំពីកំហុសរបស់ខ្លួន ហើយកៀរពួកគេទៅជាឈ្លើយសឹក»។
24. ហេតុនេះហើយបានជាព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «អ្នករាល់គ្នានឹកឃើញកំហុសរបស់ខ្លួន ហើយនៅតែប្រព្រឹត្តអំពើទុច្ចរិត និងអំពើបាបក្នុងគ្រប់កិច្ចការដែលអ្នករាល់គ្នាធ្វើ អ្នករាល់គ្នាមុខជាធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់សត្រូវមិនខាន។
25. ចំណែកឯអ្នកដែលជាមេដឹកនាំពាល និងទុច្ចរិតរបស់ជនជាតិអ៊ីស្រាអែលវិញ ថ្ងៃដែលអ្នកត្រូវទទួលទោសមកដល់ហើយ ពេលនោះ អ្នកលែងប្រព្រឹត្តអំពើទុច្ចរិតទៀត!»។
26. ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «គេនឹងយកឆ្នួតចេញពីក្បាលអ្នក គេនឹងដកមកុដរាជ្យចេញពីអ្នក។ សភាពការណ៍នឹងផ្លាស់ប្រែ គឺមនុស្សទន់ទាបនឹងត្រូវគេលើកតម្កើង រីឯអ្នកខ្ពង់ខ្ពស់នឹងត្រូវគេបន្ទាបចុះវិញ។
27. ការវិនាសនឹងកើតមានផ្ទួនៗគ្នា គឺយើងនឹងធ្វើឲ្យក្រុងនេះវិនាស។ ប៉ុន្តែ មិនមែនមុនការមកដល់របស់អ្នក ដែលយើងប្រគល់អំណាចឲ្យដាក់ទោសក្រុងនេះឡើយ។
28. កូនមនុស្សអើយ ចូរថ្លែងពាក្យក្នុងនាមយើងទៅ! ចូរពោលថា ព្រះជាអម្ចាស់មានព្រះបន្ទូលស្ដីអំពីជនជាតិអាំម៉ូន ដែលបានប្រមាថជនជាតិអ៊ីស្រាអែល ដូចតទៅ: “ដាវ! ដាវដកចេញពីស្រោម ហើយខាត់យ៉ាងរលោង ចាំងពន្លឺដូចផ្លេកបន្ទោរ សម្រាប់សម្លាប់រង្គាល និងផ្ដាច់ជីវិត។
29. ពេលអ្នកអះអាងលើនិមិត្តហេតុបោកប្រាស់ និងការទស្សន៍ទាយបោកបញ្ឆោត គេនឹងត្រៀមដាវកាត់កអ្នកដែលជាមនុស្សទុច្ចរិត និងជាមនុស្សអាក្រក់ ព្រោះថ្ងៃដែលអ្នកត្រូវទទួលទោសមកដល់ហើយ ពេលនោះ អ្នកលែងប្រព្រឹត្តអំពើទុច្ចរិតទៀត!។
30. ចូរស៊កដាវក្នុងស្រោមវិញទៅ។ យើងនឹងវិនិច្ឆ័យទោសអ្នក នៅកន្លែងដែលអ្នកកើត គឺស្រុកកំណើតរបស់អ្នក។
31. យើងនឹងជះកំហឹងរបស់យើងលើអ្នក យើងនឹងផ្លុំភ្លើងនៃកំហឹងរបស់យើងទៅលើអ្នក ហើយប្រគល់អ្នកទៅក្នុងកណ្ដាប់ដៃរបស់មនុស្សកំរោល ដែលប៉ិនប្រសប់ខាងបំផ្លាញ។
32. អ្នកនឹងវិនាសនៅក្នុងភ្លើង ឈាមរបស់អ្នកនឹងដក់នៅក្នុងស្រុក ហើយក៏គ្មាននរណានឹកដល់អ្នកទៀតដែរ”។ នេះជាពាក្យរបស់យើង ដែលជាព្រះអម្ចាស់»។