14. «កូនមនុស្សអើយចូរថ្លែងពាក្យក្នុងនាមយើងចុះ!ចូរទះដៃជាសញ្ញាប្រកាសថាសត្រូវនឹងលើកដាវកាប់ផ្ទួនៗគ្នាពីរបីដងដាវនេះជាដាវប្រល័យជីវិត ដាវសម្លាប់រង្គាលនិងដេញតាមពីក្រោយប្រជាជនរបស់យើង
15. ធ្វើឲ្យពួកគេបាក់ទឹកចិត្តហើយដួលស្លាប់បន្តបន្ទាប់គ្នា។យើងដាក់ដាវនេះនៅមាត់ទ្វារផ្ទះទាំងអស់ដើម្បីសម្លាប់ពួកគេ។ដាវនេះភ្លឺរលោង ចាំងដូចផ្លេកបន្ទោរសម្រាប់សម្លាប់រង្គាលពួកគេ។
16. ដាវអើយ ចូរប្រើមុខដ៏មុតរបស់ឯង!ចូរវាត់ទៅខាងស្ដាំ វាត់ទៅខាងឆ្វេង!តម្រង់ទៅគ្រប់ទិសទី!
17. ចំណែកឯយើងវិញ យើងក៏នឹងទះដៃដែររហូតទាល់តែស្ងប់កំហឹងរបស់យើងនេះជាពាក្យរបស់យើង ដែលជាព្រះអម្ចាស់»។
18. ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំ ដូចតទៅ៖
19. «កូនមនុស្សអើយ ចូរគូរផ្លូវពីរសម្រាប់ដាវរបស់ស្ដេចស្រុកបាប៊ីឡូន ផ្លូវទាំងពីរនេះចេញពីស្រុកតែមួយ។ ចូរដាក់សញ្ញាសម្គាល់នៅមាត់ផ្លូវ ដែលនាំទៅកាន់ទីក្រុងនីមួយៗ។
20. ចូរគូរផ្លូវមួយ នាំមុខដាវឆ្ពោះទៅក្រុងរ៉ាបាត ក្នុងស្រុកអាំម៉ូន និងមួយទៀតនាំទៅក្រុងយេរូសាឡឹម ក្នុងស្រុកយូដា ជាក្រុងដែលមានកំពែងរឹងមាំ។
21. ពេលស្ដេចស្រុកបាប៊ីឡូនមកដល់ត្រង់ផ្លូវបំបែក ហើយគន់គូរចង់ដឹងផ្លូវដែលត្រូវទៅ ដោយអង្រួនព្រួញផ្សង និងសួរគ្រូ។
22. ដៃស្ដាំរបស់ស្ដេចចាប់ប៉ះចំលើព្រួញតំណាងក្រុងយេរូសាឡឹម ស្ដេចក៏បញ្ជាឲ្យគេរៀបចំទ័ព ចូលទៅសម្លាប់រង្គាល ទាំងស្រែកហ៊ោ។ គេតំរៀបគ្រឿងសស្ត្រាវុធ ដើម្បីទម្លុះទ្វារក្រុង គេលើកទួលសម្រាប់វាយលុក ព្រមទាំងសង់លេណដ្ឋានទៀតផង។
23. ប្រជាជនក្រុងយេរូសាឡឹមមិនចង់ជឿប្រផ្នូលនេះទេ ព្រោះពួកគេពឹងផ្អែកលើកិច្ចសន្យា។ ប៉ុន្តែ ស្ដេចស្រុកបាប៊ីឡូនរំឭកពួកគេអំពីកំហុសរបស់ខ្លួន ហើយកៀរពួកគេទៅជាឈ្លើយសឹក»។
24. ហេតុនេះហើយបានជាព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «អ្នករាល់គ្នានឹកឃើញកំហុសរបស់ខ្លួន ហើយនៅតែប្រព្រឹត្តអំពើទុច្ចរិត និងអំពើបាបក្នុងគ្រប់កិច្ចការដែលអ្នករាល់គ្នាធ្វើ អ្នករាល់គ្នាមុខជាធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់សត្រូវមិនខាន។
25. ចំណែកឯអ្នកដែលជាមេដឹកនាំពាល និងទុច្ចរិតរបស់ជនជាតិអ៊ីស្រាអែលវិញ ថ្ងៃដែលអ្នកត្រូវទទួលទោសមកដល់ហើយ ពេលនោះ អ្នកលែងប្រព្រឹត្តអំពើទុច្ចរិតទៀត!»។