5. ចូរប្រាប់ពួកគេថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: នៅថ្ងៃយើងជ្រើសរើសជនជាតិអ៊ីស្រាអែល យើងបានលើកដៃសច្ចាចំពោះពូជពង្សរបស់លោកយ៉ាកុប ព្រមទាំងសម្តែងឲ្យពួកគេស្គាល់យើងនៅស្រុកអេស៊ីប។ យើងបានលើកដៃសច្ចាថា “យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា”។
6. នៅថ្ងៃនោះ យើងបានលើកដៃសច្ចាចំពោះពួកគេថា យើងនឹងនាំពួកគេចាកចេញពីស្រុកអេស៊ីប ឆ្ពោះទៅកាន់ស្រុកមួយ ដែលយើងជ្រើសរើសសម្រាប់ពួកគេ គឺជាស្រុកដ៏សម្បូណ៌សប្បាយ និងស្រុកដែលល្អស្អាតជាងគេទាំងអស់។
7. យើងបានប្រាប់ពួកគេថា “ម្នាក់ៗត្រូវបោះបង់ចោលព្រះដ៏គួរស្អប់ខ្ពើម ដែលទាក់ទាញចិត្តអ្នករាល់គ្នា។ មិនត្រូវឲ្យខ្លួនទៅជាសៅហ្មង ដោយថ្វាយបង្គំព្រះរបស់ស្រុកអេស៊ីបឡើយ។ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា”។
8. ប៉ុន្តែ ពួកគេបះបោរប្រឆាំងនឹងយើង មិនព្រមស្ដាប់បង្គាប់យើងទេ គឺគ្មាននរណាម្នាក់លះបង់ចោលព្រះដ៏គួរស្អប់ខ្ពើម ដែលទាក់ទាញចិត្តពួកគេនោះឡើយ ហើយពួកគេក៏មិនព្រមបោះបង់ព្រះក្លែងក្លាយនៃស្រុកអេស៊ីបដែរ។ នៅស្រុកអេស៊ីបនោះ យើងមានបំណងដាក់ទោសពួកគេតាមកំហឹងរបស់យើង រហូតទាល់តែចប់ចុងចប់ដើម។
9. ប៉ុន្តែ យើងមិនបានបំផ្លាញពួកគេទេ ដើម្បីកុំឲ្យអាប់កេរ្តិ៍ឈ្មោះរបស់យើង នៅចំពោះមុខប្រជាជាតិទាំងឡាយ ដែលពួកគេរស់នៅជាមួយ។ យើងបានសម្តែងឲ្យជនជាតិអ៊ីស្រាអែលស្គាល់យើង នៅចំពោះមុខប្រជាជាតិទាំងនោះ ដោយនាំអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីប។
10. យើងនាំជនជាតិអ៊ីស្រាអែលចេញពីស្រុកអេស៊ីប ព្រមទាំងដឹកនាំពួកគេនៅវាលរហោស្ថានទៀតផង។
11. យើងបានប្រគល់ច្បាប់ឲ្យពួកគេ និងនាំពួកគេឲ្យស្គាល់វិន័យរបស់យើង។ អ្នកណាប្រតិបត្តិតាម អ្នកនោះនឹងមានជីវិត។
12. យើងក៏តាំងឲ្យមានថ្ងៃសប្ប័ទ*ទុកជាទីសម្គាល់សម្រាប់យើង និងពួកគេ ដើម្បីឲ្យពួកគេ ទទួលស្គាល់ថា យើងជាព្រះអម្ចាស់ដែលប្រោសពួកគេឲ្យវិសុទ្ធ*។