37. យើងនឹងដាក់អ្នករាល់គ្នានៅក្រោមអំណាចរបស់យើង ហើយបង្ខំអ្នករាល់គ្នាឲ្យគោរពតាមសម្ពន្ធមេត្រី។
38. យើងនឹងដកជនបះបោរ ព្រមទាំងអស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតប្រឆាំងនឹងយើង ចេញពីចំណោមអ្នករាល់គ្នា។ យើងនឹងយកពួកគេចេញពីស្រុកដែលពួកគេទៅរស់នៅតែពួកគេ មិនវិលត្រឡប់ទៅកាន់ទឹកដីអ៊ីស្រាអែលវិញឡើយ។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន»។
39. រីឯអ្នករាល់គ្នាវិញ ជនជាតិអ៊ីស្រាអែលអើយ ព្រះជាអម្ចាស់មានព្រះបន្ទូលថា: «ទៅ! នាំគ្នាថ្វាយបង្គំព្រះក្លែងក្លាយរបស់អ្នករាល់គ្នារៀងៗខ្លួនទៅ! នៅពេលក្រោយ អ្នករាល់គ្នាត្រូវតែស្ដាប់បង្គាប់យើង អ្នករាល់គ្នានឹងលែងប្រមាថនាមរបស់យើង ដោយការសែនព្រេនព្រះក្លែងក្លាយទៀតហើយ
40. ដ្បិតជនជាតិអ៊ីស្រាអែលទាំងមូលដែលរស់នៅក្នុងស្រុក នឹងគោរពបម្រើយើងនៅលើភ្នំដ៏វិសុទ្ធរបស់យើង គឺភ្នំដ៏ខ្ពស់នៅស្រុកអ៊ីស្រាអែល - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ យើងពេញចិត្តនឹងទទួលអ្នករាល់គ្នានៅលើភ្នំនោះ ព្រមទាំងទទួលតង្វាយផលដំបូង និងអ្វីៗផ្សេងទៀតដែលអ្នករាល់គ្នាញែកទុកសម្រាប់យើង។
41. កាលយើងនាំអ្នករាល់គ្នាចេញពីចំណោមជាតិសាសន៍ទាំងឡាយ កាលយើងប្រមូលអ្នករាល់គ្នាចេញពីស្រុក ដែលយើងបំបែកអ្នករាល់គ្នាឲ្យទៅនៅនោះមកវិញ យើងពេញចិត្តនឹងទទួលអ្នករាល់គ្នា ព្រមទាំងទទួលយញ្ញបូជាដ៏មានក្លិនឈ្ងុយឈ្ងប់។ ពេលនោះ យើងនឹងសម្តែងឲ្យប្រជាជាតិនានាឃើញថា យើងជាព្រះដ៏វិសុទ្ធ ដោយយើងប្រណីសន្ដោសអ្នករាល់គ្នា។
42. ពេលយើងនាំអ្នករាល់គ្នាវិលត្រឡប់ទៅកាន់ទឹកដីអ៊ីស្រាអែលវិញ គឺទឹកដីដែលយើងបានលើកដៃសច្ចាថា ប្រគល់ឲ្យដូនតារបស់អ្នករាល់គ្នា នោះអ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន។
43. នៅទីនោះ អ្នករាល់គ្នានឹងនឹកឃើញអំពីកិរិយាមារយាទ និងអំពើទាំងប៉ុន្មានដែលអ្នករាល់គ្នាបានធ្វើឲ្យខ្លួនសៅហ្មង អ្នករាល់គ្នានឹកខ្មាសខ្លួនឯង ព្រោះតែអំពើទុច្ចរិតដែលអ្នករាល់គ្នាបានប្រព្រឹត្ត។