អេសេ‌គាល 20:35-44 Khmer Standard Version (KHSV)

35. យើង​នឹង​នាំ​អ្នក​រាល់​គ្នា​ទៅ​វាល​រហោ‌ស្ថាន​ដាច់​ឡែក​ពី​ជាតិ​សាសន៍​នានា នៅ​ទី​នោះ យើង​នឹង​វិនិច្ឆ័យ​ទោស​អ្នក​រាល់​គ្នា មុខ​ទល់​នឹង​មុខ។

36. យើង​នឹង​វិនិច្ឆ័យ​ទោស​អ្នក​រាល់​គ្នា ដូច​យើង​ធ្លាប់​វិនិច្ឆ័យ​ទោស​ដូនតា​របស់​អ្នក​រាល់​គ្នា​នៅ​វាល​រហោ‌ស្ថាន​ស្រុក​អេស៊ីប​ដែរ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

37. យើង​នឹង​ដាក់​អ្នក​រាល់​គ្នា​នៅ​ក្រោម​អំណាច​របស់​យើង ហើយ​បង្ខំ​អ្នក​រាល់​គ្នា​ឲ្យ​គោរព​តាម​សម្ពន្ធ‌មេត្រី។

38. យើង​នឹង​ដក​ជន​បះ‌បោរ ព្រម​ទាំង​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ប្រឆាំង​នឹង​យើង ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា។ យើង​នឹង​យក​ពួក​គេ​ចេញ​ពី​ស្រុក​ដែល​ពួក​គេ​ទៅ​រស់​នៅ​តែ​ពួក​គេ មិន​វិល​ត្រឡប់​ទៅ​កាន់​ទឹក​ដី​អ៊ីស្រា‌អែល​វិញ​ឡើយ។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន»។

39. រីឯ​អ្នក​រាល់​គ្នា​វិញ ជន‌ជាតិ​អ៊ីស្រា‌អែល​អើយ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: «ទៅ! នាំ​គ្នា​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ​របស់​អ្នក​រាល់​គ្នា​រៀងៗ​ខ្លួន​ទៅ! នៅ​ពេល​ក្រោយ អ្នក​រាល់​គ្នា​ត្រូវ​តែ​ស្ដាប់​បង្គាប់​យើង អ្នក​រាល់​គ្នា​នឹង​លែង​ប្រមាថ​នាម​របស់​យើង ដោយ​ការ​សែន‌ព្រេន​ព្រះ​ក្លែង‌ក្លាយ​ទៀត​ហើយ

40. ដ្បិត​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល​ដែល​រស់​នៅ​ក្នុង​ស្រុក នឹង​គោរព​បម្រើ​យើង​នៅ​លើ​ភ្នំ​ដ៏‌វិសុទ្ធ​របស់​យើង គឺ​ភ្នំ​ដ៏​ខ្ពស់​នៅ​ស្រុក​អ៊ីស្រា‌អែល - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។ យើង​ពេញ​ចិត្ត​នឹង​ទទួល​អ្នក​រាល់​គ្នា​នៅ​លើ​ភ្នំ​នោះ ព្រម​ទាំង​ទទួល​តង្វាយ​ផល​ដំបូង និង​អ្វីៗ​ផ្សេង​ទៀត​ដែល​អ្នក​រាល់​គ្នា​ញែក​ទុក​សម្រាប់​យើង។

41. កាល​យើង​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ចំណោម​ជាតិ​សាសន៍​ទាំង‌ឡាយ កាល​យើង​ប្រមូល​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក ដែល​យើង​បំបែក​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​នៅ​នោះ​មក​វិញ យើង​ពេញ​ចិត្ត​នឹង​ទទួល​អ្នក​រាល់​គ្នា ព្រម​ទាំង​ទទួល​យញ្ញ‌បូជា​ដ៏​មាន​ក្លិន​ឈ្ងុយ‌ឈ្ងប់។ ពេល​នោះ យើង​នឹង​សម្តែង​ឲ្យ​ប្រជា‌ជាតិ​នានា​ឃើញ​ថា យើង​ជា​ព្រះ​ដ៏‌វិសុទ្ធ ដោយ​យើង​ប្រណី​សន្ដោស​អ្នក​រាល់​គ្នា។

42. ពេល​យើង​នាំ​អ្នក​រាល់​គ្នា​វិល​ត្រឡប់​ទៅ​កាន់​ទឹក​ដី​អ៊ីស្រា‌អែល​វិញ គឺ​ទឹក​ដី​ដែល​យើង​បាន​លើក​ដៃ​សច្ចា​ថា ប្រគល់​ឲ្យ​ដូនតា​របស់​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន។

43. នៅ​ទី​នោះ អ្នក​រាល់​គ្នា​នឹង​នឹក​ឃើញ​អំពី​កិរិយា​មារយាទ និង​អំពើ​ទាំង​ប៉ុន្មាន​ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ​ឲ្យ​ខ្លួន​សៅហ្មង អ្នក​រាល់​គ្នា​នឹក​ខ្មាស​ខ្លួន​ឯង ព្រោះ​តែ​អំពើ​ទុច្ចរិត​ដែល​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត។

44. ជន‌ជាតិ​អ៊ីស្រា‌អែល​អើយ យើង​នឹង​ប្រព្រឹត្ត​ចំពោះ​អ្នក​រាល់​គ្នា ដោយ​យល់​ដល់​នាម​យើង​ផ្ទាល់ គឺ​យើង​មិន​ប្រព្រឹត្ត​តាម​អំពើ​ទុច្ចរិត និង​អំពើ​អាក្រក់​របស់​អ្នក​រាល់​គ្នា​ទេ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន» -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

អេសេ‌គាល 20