31. អ្នករាល់គ្នាធ្វើឲ្យខ្លួនសៅហ្មង ដោយគោរពព្រះក្លែងក្លាយរបស់អ្នករាល់គ្នារហូតមកទល់សព្វថ្ងៃ។ អ្នករាល់គ្នាយកសំណែន និងយកកូនរបស់ខ្លួនទៅដុតជាយញ្ញបូជាសែនព្រះទាំងនោះ។ អ៊ីស្រាអែលអើយ តើអ្នករាល់គ្នាស្មានថា យើងផ្ដល់ចម្លើយឲ្យអ្នករាល់គ្នាឬ? ទេយើងមិនផ្ដល់ចម្លើយឲ្យអ្នករាល់គ្នាឡើយ។ យើងជាព្រះដែលមានជីវិតគង់នៅ! - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
32. អ្នករាល់គ្នានឹកស្មានថាខ្លួនអាចគោរពថ្វាយបង្គំព្រះដែលធ្វើពីឈើ និងពីថ្ម ដូចប្រជាជាតិ និងជាតិសាសន៍នៅតាមស្រុកនានានោះឬ? ទេ ធ្វើដូច្នេះ មិនបានជាដាច់ខាត!
33. យើងជាព្រះដែលមានជីវិតគង់នៅ -នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់ - យើងនឹងគ្រងរាជ្យលើអ្នករាល់គ្នា យើងនឹងដាក់ទោសអ្នករាល់គ្នា ដោយឫទ្ធិបារមីដ៏ខ្លាំងក្លារបស់យើង។
34. យើងនឹងនាំអ្នករាល់គ្នាចេញពីក្នុងចំណោមជាតិសាសន៍ទាំងឡាយ យើងនឹងប្រមូលអ្នករាល់គ្នា ពីស្រុកដែលយើងកំចាត់កំចាយអ្នករាល់គ្នាឲ្យទៅនោះ ហើយយើងនឹងដាក់ទោសអ្នករាល់គ្នាដោយឫទ្ធិបារមីដ៏ខ្លាំងក្លារបស់យើង។
35. យើងនឹងនាំអ្នករាល់គ្នាទៅវាលរហោស្ថានដាច់ឡែកពីជាតិសាសន៍នានា នៅទីនោះ យើងនឹងវិនិច្ឆ័យទោសអ្នករាល់គ្នា មុខទល់នឹងមុខ។
36. យើងនឹងវិនិច្ឆ័យទោសអ្នករាល់គ្នា ដូចយើងធ្លាប់វិនិច្ឆ័យទោសដូនតារបស់អ្នករាល់គ្នានៅវាលរហោស្ថានស្រុកអេស៊ីបដែរ - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
37. យើងនឹងដាក់អ្នករាល់គ្នានៅក្រោមអំណាចរបស់យើង ហើយបង្ខំអ្នករាល់គ្នាឲ្យគោរពតាមសម្ពន្ធមេត្រី។
38. យើងនឹងដកជនបះបោរ ព្រមទាំងអស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតប្រឆាំងនឹងយើង ចេញពីចំណោមអ្នករាល់គ្នា។ យើងនឹងយកពួកគេចេញពីស្រុកដែលពួកគេទៅរស់នៅតែពួកគេ មិនវិលត្រឡប់ទៅកាន់ទឹកដីអ៊ីស្រាអែលវិញឡើយ។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន»។