27. ហេតុនេះ កូនមនុស្សអើយ ចូរប្រាប់ជនជាតិអ៊ីស្រាអែលថា “ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: ដូនតារបស់អ្នករាល់គ្នាចេះតែនាំគ្នាប្រមាថយើង ដោយក្បត់ចិត្តយើង។
28. យើងនាំពួកគេចូលទៅក្នុងទឹកដី ដែលយើងបានលើកដៃសច្ចាថា ប្រគល់ឲ្យពួកគេ។ ប៉ុន្តែ ពួកគេបែរជាផ្ដោតចិត្តទៅរកទួលខ្ពស់ៗ ព្រមទាំងដើមឈើទាំងប៉ុន្មានដែលមានស្លឹកពាសពេញ។ ពួកគេនាំគ្នាធ្វើយញ្ញបូជានៅទីនោះ ព្រមទាំងច្រួចស្រាបណ្ដាលឲ្យយើងខឹង។ ពួកគេសែនសំណែនដ៏មានក្លិនឈ្ងុយឈ្ងប់ និងច្រួចស្រាសែនព្រះក្លែងក្លាយ។
29. យើងបានសួរពួកគេថា តើទួលខ្ពស់ៗជាអ្វី បានជាអ្នករាល់គ្នាធ្វើដំណើរកាត់ពីឆ្ងាយទៅរកកន្លែងនោះ?”។ គេដាក់ឈ្មោះកន្លែងនោះថា “ទីសក្ការៈនៅតាមទួលខ្ពស់ៗ” រហូតមកទល់សព្វថ្ងៃ។
30. ចូរថ្លែងប្រាប់ជនជាតិអ៊ីស្រាអែលថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: ហេតុអ្វីបានជាអ្នករាល់គ្នាធ្វើឲ្យខ្លួនសៅហ្មង ដោយប្រព្រឹត្តអំពើផិតក្បត់ជាមួយព្រះដ៏គួរស្អប់ខ្ពើម ដូចដូនតារបស់អ្នករាល់គ្នាយ៉ាងនេះ?
31. អ្នករាល់គ្នាធ្វើឲ្យខ្លួនសៅហ្មង ដោយគោរពព្រះក្លែងក្លាយរបស់អ្នករាល់គ្នារហូតមកទល់សព្វថ្ងៃ។ អ្នករាល់គ្នាយកសំណែន និងយកកូនរបស់ខ្លួនទៅដុតជាយញ្ញបូជាសែនព្រះទាំងនោះ។ អ៊ីស្រាអែលអើយ តើអ្នករាល់គ្នាស្មានថា យើងផ្ដល់ចម្លើយឲ្យអ្នករាល់គ្នាឬ? ទេយើងមិនផ្ដល់ចម្លើយឲ្យអ្នករាល់គ្នាឡើយ។ យើងជាព្រះដែលមានជីវិតគង់នៅ! - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
32. អ្នករាល់គ្នានឹកស្មានថាខ្លួនអាចគោរពថ្វាយបង្គំព្រះដែលធ្វើពីឈើ និងពីថ្ម ដូចប្រជាជាតិ និងជាតិសាសន៍នៅតាមស្រុកនានានោះឬ? ទេ ធ្វើដូច្នេះ មិនបានជាដាច់ខាត!