អេសេ‌គាល 20:21-36 Khmer Standard Version (KHSV)

21. ប៉ុន្តែ អ្នក​ទាំង​នោះ​បាន​បះ‌បោរ​ប្រឆាំង​នឹង​យើង​ដែរ។ ពួក​គេ​ពុំ​ធ្វើ​តាម​ច្បាប់​របស់​យើង​ទេ ពួក​គេ​ក៏​ពុំ​បាន​គោរព និង​ប្រតិបត្តិ​តាម​វិន័យ​របស់​យើង ដើម្បី​ឲ្យ​មាន​ជីវិត​ដែរ។ ពួក​គេ​រំលោភ​លើ​ថ្ងៃ​សប្ប័ទ​របស់​យើង។ យើង​មាន​បំណង​ដាក់​ទោស​ពួក​គេ​នៅ​វាល​រហោ‌ស្ថាន តាម​កំហឹង​របស់​យើង​ទាល់​តែ​អស់​ចិត្ត។

22. ផ្ទុយ​ទៅ​វិញ យើង​បាន​ដូរ​គំនិត គឺ​យើង​មិន​ដាក់​ទោស​ពួក​គេ​ទេ ដើម្បី​កុំ​ឲ្យ​អាប់​កេរ្តិ៍​ឈ្មោះ​របស់​យើង នៅ​ចំពោះ​មុខ​ប្រជា‌ជាតិ​ទាំង‌ឡាយ​ដែល​បាន​ឃើញ​យើង​នាំ​អ៊ីស្រា‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។

23. នៅ​ក្នុង​វាល​រហោ‌ស្ថាន​នោះ យើង​ក៏​បាន​លើក​ដៃ​សច្ចា​ថា យើង​នឹង​បំបែក​ពួក​គេ​ទៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ ព្រម​ទាំង​កំចាត់‌កំចាយ​ពួក​គេ​ឲ្យ​ទៅ​រស់​នៅ​តាម​ស្រុក​នានា​ទៀត​ផង

24. ព្រោះ​ពួក​គេ​ពុំ​បាន​ធ្វើ​តាម​បង្គាប់​វិន័យ​របស់​យើង ហើយ​បោះ​បង់​ចោល​ច្បាប់ និង​រំលោភ​លើ​ថ្ងៃ​សប្ប័ទ​របស់​យើង ព្រម​ទាំង​ជំពាក់​ចិត្ត​នឹង​ព្រះ​ក្លែង‌ក្លាយ​របស់​ដូនតា​ខ្លួន។

25. ហេតុ​នេះ យើង​ក៏​ប្រគល់​ច្បាប់​មិន​ល្អ​ដល់​ពួក​គេ ហើយ​ឲ្យ​ពួក​គេ​ធ្វើ​តាម​វិន័យ ដែល​ពុំ​ផ្ដល់​ឲ្យ​ពួក​គេ​មាន​ជីវិត។

26. យើង​ធ្វើ​ឲ្យ​ពួក​គេ​ទៅ​ជា​សៅហ្មង ដោយ‌សារ​តង្វាយ​របស់​ខ្លួន គឺ​នៅ​ពេល​គេ​យក​កូន​ច្បង​របស់​ខ្លួន​ទៅ​ដុត​ជា​យញ្ញ‌បូជា។ យើង​ចង់​ឲ្យ​ពួក​គេ​វិនាស​ហិន‌ហោច ដើម្បី​ឲ្យ​ពួក​គេ​ទទួល​ស្គាល់ ថា​យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន។

27. ហេតុ​នេះ កូន​មនុស្ស​អើយ ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ថា “ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ដូនតា​របស់​អ្នក​រាល់​គ្នា​ចេះ​តែ​នាំ​គ្នា​ប្រមាថ​យើង ដោយ​ក្បត់​ចិត្ត​យើង។

28. យើង​នាំ​ពួក​គេ​ចូល​ទៅ​ក្នុង​ទឹក​ដី ដែល​យើង​បាន​លើក​ដៃ​សច្ចា​ថា ប្រគល់​ឲ្យ​ពួក​គេ។ ប៉ុន្តែ ពួក​គេ​បែរ​ជា​ផ្ដោត​ចិត្ត​ទៅ​រក​ទួល​ខ្ពស់ៗ ព្រម​ទាំង​ដើម​ឈើ​ទាំង​ប៉ុន្មាន​ដែល​មាន​ស្លឹក​ពាស‌ពេញ។ ពួក​គេ​នាំ​គ្នា​ធ្វើ​យញ្ញ‌បូជា​នៅ​ទី​នោះ ព្រម​ទាំង​ច្រួច‌ស្រា​បណ្ដាល​ឲ្យ​យើង​ខឹង។ ពួក​គេ​សែន​សំណែន​ដ៏​មាន​ក្លិន​ឈ្ងុយ‌ឈ្ងប់ និង​ច្រួច‌ស្រា​សែន​ព្រះ​ក្លែង‌ក្លាយ។

29. យើង​បាន​សួរ​ពួក​គេ​ថា តើ​ទួល​ខ្ពស់ៗ​ជា​អ្វី បាន​ជា​អ្នក​រាល់​គ្នា​ធ្វើ​ដំណើរ​កាត់​ពី​ឆ្ងាយ​ទៅ​រក​កន្លែង​នោះ?”។ គេ​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា “ទី‌សក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ” រហូត​មក​ទល់​សព្វ​ថ្ងៃ។

30. ចូរ​ថ្លែង​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ថា ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ធ្វើ​ឲ្យ​ខ្លួន​សៅហ្មង ដោយ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ជា​មួយ​ព្រះ​ដ៏​គួរ​ស្អប់​ខ្ពើម ដូច​ដូនតា​របស់​អ្នក​រាល់​គ្នា​យ៉ាង​នេះ?

31. អ្នក​រាល់​គ្នា​ធ្វើ​ឲ្យ​ខ្លួន​សៅហ្មង ដោយ​គោរព​ព្រះ​ក្លែង‌ក្លាយ​របស់​អ្នក​រាល់​គ្នា​រហូត​មក​ទល់​សព្វ​ថ្ងៃ។ អ្នក​រាល់​គ្នា​យក​សំណែន និង​យក​កូន​របស់​ខ្លួន​ទៅ​ដុត​ជា​យញ្ញ‌បូជា​សែន​ព្រះ​ទាំង​នោះ។ អ៊ីស្រា‌អែល​អើយ តើ​អ្នក​រាល់​គ្នា​ស្មាន​ថា យើង​ផ្ដល់​ចម្លើយ​ឲ្យ​អ្នក​រាល់​គ្នា​ឬ? ទេ​យើង​មិន​ផ្ដល់​ចម្លើយ​ឲ្យ​អ្នក​រាល់​គ្នា​ឡើយ។ យើង​ជា​ព្រះ​ដែល​មាន​ជីវិត​គង់​នៅ! - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

32. អ្នក​រាល់​គ្នា​នឹក​ស្មាន​ថា​ខ្លួន​អាច​គោរព​ថ្វាយ‌បង្គំ​ព្រះ​ដែល​ធ្វើ​ពី​ឈើ និង​ពី​ថ្ម ដូច​ប្រជា‌ជាតិ និង​ជាតិ​សាសន៍​នៅ​តាម​ស្រុក​នានា​នោះ​ឬ? ទេ ធ្វើ​ដូច្នេះ មិន​បាន​ជា​ដាច់​ខាត!

33. យើង​ជា​ព្រះ​ដែល​មាន​ជីវិត​គង់​នៅ -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់ - យើង​នឹង​គ្រង​រាជ្យ​លើ​អ្នក​រាល់​គ្នា យើង​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា ដោយ​ឫទ្ធិ‌បារមី​ដ៏​ខ្លាំង‌ក្លា​របស់​យើង។

34. យើង​នឹង​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង‌ឡាយ យើង​នឹង​ប្រមូល​អ្នក​រាល់​គ្នា ពី​ស្រុក​ដែល​យើង​កំចាត់‌កំចាយ​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​នោះ ហើយ​យើង​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា​ដោយ​ឫទ្ធិ‌បារមី​ដ៏​ខ្លាំង‌ក្លា​របស់​យើង។

35. យើង​នឹង​នាំ​អ្នក​រាល់​គ្នា​ទៅ​វាល​រហោ‌ស្ថាន​ដាច់​ឡែក​ពី​ជាតិ​សាសន៍​នានា នៅ​ទី​នោះ យើង​នឹង​វិនិច្ឆ័យ​ទោស​អ្នក​រាល់​គ្នា មុខ​ទល់​នឹង​មុខ។

36. យើង​នឹង​វិនិច្ឆ័យ​ទោស​អ្នក​រាល់​គ្នា ដូច​យើង​ធ្លាប់​វិនិច្ឆ័យ​ទោស​ដូនតា​របស់​អ្នក​រាល់​គ្នា​នៅ​វាល​រហោ‌ស្ថាន​ស្រុក​អេស៊ីប​ដែរ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

អេសេ‌គាល 20