10. យើងនាំជនជាតិអ៊ីស្រាអែលចេញពីស្រុកអេស៊ីប ព្រមទាំងដឹកនាំពួកគេនៅវាលរហោស្ថានទៀតផង។
11. យើងបានប្រគល់ច្បាប់ឲ្យពួកគេ និងនាំពួកគេឲ្យស្គាល់វិន័យរបស់យើង។ អ្នកណាប្រតិបត្តិតាម អ្នកនោះនឹងមានជីវិត។
12. យើងក៏តាំងឲ្យមានថ្ងៃសប្ប័ទ*ទុកជាទីសម្គាល់សម្រាប់យើង និងពួកគេ ដើម្បីឲ្យពួកគេ ទទួលស្គាល់ថា យើងជាព្រះអម្ចាស់ដែលប្រោសពួកគេឲ្យវិសុទ្ធ*។
13. នៅវាលរហោស្ថាន ប្រជាជនអ៊ីស្រាអែលនាំគ្នាបះបោរប្រឆាំងនឹងយើង។ ពួកគេពុំបានប្រតិបត្តិតាមច្បាប់របស់យើង ហើយក៏បដិសេធធ្វើតាមវិន័យរបស់យើង ដែលផ្ដល់ជីវិតឲ្យអស់អ្នកដែលប្រតិបត្តិតាម។ ពួកគេចេះតែរំលោភលើថ្ងៃសប្ប័ទរបស់យើងជានិច្ច។ យើងមានបំណងដាក់ទោសពួកគេ ដោយប្រល័យជីវិតពួកគេឲ្យវិនាសសូន្យ នៅវាលរហោស្ថាន តាមកំហឹងរបស់យើង។
14. ក៏ប៉ុន្តែ យើងមិនបានបំផ្លាញពួកគេទេ ដើម្បីកុំឲ្យអាប់កេរ្តិ៍ឈ្មោះរបស់យើងនៅចំពោះមុខប្រជាជាតិទាំងឡាយ ដែលបានឃើញយើងនាំអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីប។
15. នៅវាលរហោស្ថាន យើងក៏លើកដៃសច្ចាចំពោះពួកគេថា យើងនឹងមិននាំពួកគេចូលទៅក្នុងស្រុកដែលយើងបានប្រគល់ឲ្យពួកគេនោះឡើយ គឺស្រុកដ៏សម្បូណ៌សប្បាយ និងស្រុកដែលល្អស្អាតជាងគេទាំងអស់។