21. ប្រសិនបើមនុស្សទុច្ចរិតលះបង់អំពើបាបទាំងអស់ដែលខ្លួនប្រព្រឹត្ត ហើយបែរមកប្រតិបត្តិតាមវិន័យទាំងប៉ុន្មានរបស់យើង ព្រមទាំងប្រតិបត្តិតាមសេចក្ដីសុចរិត និងយុត្តិធម៌ អ្នកនោះនឹងរស់រានមានជីវិតជាក់ជាមិនខាន គឺគេមិនត្រូវស្លាប់ឡើយ។
22. យើងនឹងបំភ្លេចបទល្មើសទាំងប៉ុន្មានដែលគេបានប្រព្រឹត្ត គឺអ្នកនោះនឹងរស់រានមានជីវិត ព្រោះតែអំពើសុចរិតដែលគេបានធ្វើ។
23. តើអ្នករាល់គ្នាស្មានថា យើងចង់ឃើញមនុស្សទុច្ចរិតស្លាប់ឬ? ទេ! ផ្ទុយទៅវិញ យើងចង់ឃើញគេលះបង់មារយាទអាក្រក់របស់ខ្លួន ដើម្បីឲ្យរស់រានមានជីវិត - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
24. រីឯមនុស្សសុចរិតវិញ ប្រសិនបើគេលះបង់អំពើសុចរិត ហើយបែរទៅប្រព្រឹត្តអំពើអាក្រក់គួរស្អប់ខ្ពើមទាំងប៉ុន្មាន ដែលមនុស្សទុច្ចរិតធ្លាប់ប្រព្រឹត្ត តើគេអាចមានជីវិតតទៅមុខទៀតបានឬ? យើងនឹងបំភ្លេចអំពើសុចរិតទាំងប៉ុន្មានដែលគេបានប្រព្រឹត្ត អ្នកនោះត្រូវតែស្លាប់ ព្រោះតែចិត្តមិនស្មោះត្រង់ និងអំពើបាបដែលគេបានប្រព្រឹត្ត។
25. អ្នករាល់គ្នាពោលថា “ព្រះអម្ចាស់ប្រព្រឹត្តដូច្នេះ មិនត្រឹមត្រូវទេ!”។ ជនជាតិអ៊ីស្រាអែលអើយ ចូរស្ដាប់! តើយើងប្រព្រឹត្តមិនត្រឹមត្រូវមែនឬ? គឺអ្នករាល់គ្នាវិញទេដែលប្រព្រឹត្តមិនត្រឹមត្រូវ។
26. ប្រសិនបើមនុស្សសុចរិត លែងប្រព្រឹត្តអំពើសុចរិត ហើយបែរទៅប្រព្រឹត្តអំពើទុច្ចរិត គេពិតជាត្រូវស្លាប់ គឺគេស្លាប់ ព្រោះតែអំពើទុច្ចរិតដែលខ្លួនបានប្រព្រឹត្ត។
27. ផ្ទុយទៅវិញ ប្រសិនបើមនុស្សទុច្ចរិតលះបង់ចោលអំពើអាក្រក់ដែលខ្លួនប្រព្រឹត្ត ហើយបែរទៅប្រតិបត្តិតាមសេចក្ដីសុចរិត និងយុត្តិធម៌ គេនឹងរក្សាជីវិតខ្លួនឲ្យគង់វង្ស។
28. ប្រសិនបើអ្នកនោះភ្ញាក់ស្មារតី ហើយលះបង់អំពើអាក្រក់ទាំងប៉ុន្មាន គេពិតជារស់រានមានជីវិត គឺគេមិនត្រូវស្លាប់ឡើយ។
29. ជនជាតិអ៊ីស្រាអែលពោលថា “ព្រះអម្ចាស់ប្រព្រឹត្តដូច្នេះ មិនត្រឹមត្រូវទេ!”។ ជនជាតិអ៊ីស្រាអែលអើយ យើងប្រព្រឹត្តមិនត្រឹមត្រូវមែនឬ? គឺអ្នករាល់គ្នាវិញទេដែលប្រព្រឹត្តមិនត្រឹមត្រូវ។
30. ហេតុនេះ ជនជាតិអ៊ីស្រាអែលអើយ យើងនឹងវិនិច្ឆ័យអ្នករាល់គ្នា តាមអំពើដែលម្នាក់ៗបានប្រព្រឹត្ត ចូរវិលត្រឡប់មកវិញ ហើយលះបង់អំពើទុច្ចរិតទាំងអស់ កុំបណ្ដោយឲ្យកំហុសរបស់អ្នករាល់គ្នា បំផ្លាញជីវិតអ្នករាល់គ្នាឡើយ - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
31. ចូរបោះបង់ចោលអំពើទុច្ចរិតទាំងអស់ ដែលអ្នករាល់គ្នាបានប្រព្រឹត្ត។ ចូរមានចិត្តគំនិតថ្មី និងវិញ្ញាណថ្មី! ជនជាតិអ៊ីស្រាអែលអើយ អ្នករាល់គ្នាមិនគួរស្លាប់ឡើយ
32. ដ្បិតយើងមិនសប្បាយចិត្តនឹងឲ្យនរណាម្នាក់ស្លាប់ទេ ចូរវិលមករកយើងវិញ នោះអ្នករាល់គ្នានឹងរស់រានមានជីវិត» -នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់ -។