12. មិនប្រគល់របស់បញ្ចាំទៅម្ចាស់ដើម ជំពាក់ចិត្តនឹងព្រះក្លែងក្លាយ ហើយប្រព្រឹត្តអំពើគួរស្អប់ខ្ពើមគ្រប់យ៉ាង
13. ឲ្យប្រាក់គេខ្ចី ដើម្បីយកការ និងទារកំរៃហួសហេតុ។ តើកូនរបៀបនេះអាចរស់បានឬ? ទេ កូននោះមិនអាចរស់បានឡើយ។ គេត្រូវតែស្លាប់ ព្រោះតែអំពើគួរស្អប់ខ្ពើមទាំងនោះ គេទទួលខុសត្រូវលើការស្លាប់របស់ខ្លួន។
14. ប្រសិនបើមនុស្សអាក្រក់នោះមានកូនប្រុសម្នាក់ កូនប្រុសនោះឃើញអំពើបាបទាំងប៉ុន្មានដែលឪពុកប្រព្រឹត្តតែមិនយកតម្រាប់តាមឪពុក
15. គឺមិនចូលរួមបរិភោគសំណែននៅលើភ្នំ មិនជំពាក់ចិត្តនឹងព្រះក្លែងក្លាយរបស់ជនជាតិអ៊ីស្រាអែល មិនប្រព្រឹត្តអំពើសៅហ្មងជាមួយប្រពន្ធគេ
16. មិនជិះជាន់គេ មិនរកស៊ីបញ្ចាំ មិនលួចទ្រព្យសម្បត្តិអ្នកដទៃ ចែកអាហារឲ្យអ្នកដែលឃ្លាន និងចែកសម្លៀកបំពាក់ដល់អ្នកដែលគ្មានអ្វីបិទបាំងកាយ
17. មិនឃុបឃិតនឹងអំពើអយុត្តិធម៌ មិនចងការប្រាក់ ឬស្វែងរកកំរៃហួសហេតុ តែប្រតិបត្តិតាមវិន័យ និងប្រព្រឹត្តតាមច្បាប់របស់យើង។ អ្នកនោះនឹងមិនស្លាប់ព្រោះតែកំហុសរបស់ឪពុកឡើយ គឺគេនឹងរស់រានមានជីវិតជាក់ជាមិនខាន។
18. ឪពុករបស់អ្នកនោះជាមនុស្សជិះជាន់ លួចទ្រព្យសម្បត្តិបងប្អូន ព្រមទាំងប្រព្រឹត្តអំពើមិនគួរគប្បី ក្នុងចំណោមប្រជាជនរបស់ខ្លួនដូច្នេះ គឺឪពុកនោះហើយដែលត្រូវស្លាប់ ព្រោះតែកំហុសរបស់ខ្លួនផ្ទាល់។
19. អ្នករាល់គ្នាសួរថា “ហេតុអ្វីបានជាកូនមិនទទួលទោសជំនួសឪពុក?” គឺមកពីកូននោះប្រព្រឹត្តតាមសេចក្ដីសុចរិត និងយុត្តិធម៌ កូននោះគោរព និងប្រតិបត្តិតាមច្បាប់ទាំងប៉ុន្មានរបស់យើង ដូច្នេះ គេត្រូវរស់រានមានជីវិត។
20. អ្នកណាប្រព្រឹត្តអំពើបាប អ្នកនោះត្រូវស្លាប់។ កូនមិនត្រូវទទួលទោសជំនួសឪពុកទេ ឪពុកក៏មិនត្រូវទទួលទោសជំនួសកូនដែរ។ មនុស្សសុចរិតនឹងទទួលរង្វាន់តាមអំពើសុចរិតដែលខ្លួនប្រព្រឹត្ត រីឯមនុស្សទុច្ចរិតក៏នឹងទទួលទោសតាមអំពើទុច្ចរិតដែលខ្លួនប្រព្រឹត្តដែរ។
21. ប្រសិនបើមនុស្សទុច្ចរិតលះបង់អំពើបាបទាំងអស់ដែលខ្លួនប្រព្រឹត្ត ហើយបែរមកប្រតិបត្តិតាមវិន័យទាំងប៉ុន្មានរបស់យើង ព្រមទាំងប្រតិបត្តិតាមសេចក្ដីសុចរិត និងយុត្តិធម៌ អ្នកនោះនឹងរស់រានមានជីវិតជាក់ជាមិនខាន គឺគេមិនត្រូវស្លាប់ឡើយ។