អេសេ‌គាល 17:9-18 Khmer Standard Version (KHSV)

9. ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «តើ​ដើម​ទំពាំង‌បាយជូរ​នេះ​អាច​ចម្រើន​លូត​លាស់​បាន​ឬ? ឥន្ទ្រី​ទី​មួយ​នឹង​ដក​ឫស ព្រម​ទាំង​ជម្រុះ​ផ្លែ​របស់​វា ទុក​ឲ្យ​ដើម​វា​ក្រៀម​ស្ងួត ហើយ​ស្លឹក​ដែល​ទើប​នឹង​ដុះ​ក៏​ក្រៀម​ស្ងួត​អស់​ដែរ។ ដើម្បី​ដក​ឫស​របស់​វា មិន​ចាំ‌បាច់​ប្រើ​កម្លាំង​ខ្លាំង ឬ​កង‌ទ័ព​ច្រើន​ឡើយ។

10. ទោះ​បី​ទំពាំង‌បាយជូរ​នេះ​ដុះ​យ៉ាង​មាំ​ក្ដី ក៏​វា​ពុំ​អាច​លូត​លាស់​បាន​ដែរ។ ពេល​មាន​ខ្យល់​បក់​ពី​ទិស​ខាង​កើត វា​មុខ​ជា​ក្រៀម​ស្ងួត​មិន​ខាន គឺ​វា​នឹង​ក្រៀម​នៅ​លើ​ដី​ដែល​វា​ដុះ​នោះ»។

11. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ ដូច​ត​ទៅ៖

12. «ចូរ​សួរ​ពូជ​បះ‌បោរ​ថា តើ​អ្នក​រាល់​គ្នា​យល់​អត្ថ‌ន័យ​ប្រស្នា​នេះ​ឬ​ទេ? ចូរ​ប្រាប់​ពួក​គេ​ថា ស្ដេច​ស្រុក​បាប៊ី‌ឡូន​បាន​ទៅ​ក្រុង​យេរូ‌សាឡឹម ហើយ​ចាប់​ស្ដេច​ស្រុក​យូដា និង​ពួក​នាម៉ឺន នាំ​យក​មក​ស្រុក​បាប៊ី‌ឡូន។

13. ស្ដេច​ស្រុក​បាប៊ី‌ឡូន​ជ្រើស​រើស​ពូជ​ស្ដេច​ស្រុក​យូដា​មួយ​រូប​មក ហើយ​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ ព្រម​ទាំង​ឲ្យ​ពូជ​ស្ដេច​នោះ​ធ្វើ​សច្ចា‌ប្រណិ‌ធាន​ផង។ ស្ដេច​ស្រុក​បាប៊ី‌ឡូន​យក​ពួក​មេ​ដឹក​នាំ​ចេញ​ពី​ស្រុក

14. ដើម្បី​ឲ្យ​នគរ​នោះ​នៅ​ទន់​ខ្សោយ មិន​អាច​បះ‌បោរ ហើយ​គោរព​សម្ពន្ធ‌មេត្រី​យ៉ាង​ម៉ត់‌ចត់។

15. ប៉ុន្តែ ស្ដេច​យូដា​បះ‌បោរ​ប្រឆាំង​នឹង​ស្ដេច​ស្រុក​បាប៊ី‌ឡូន ដោយ​ចាត់​អ្នក​នាំ​សារ​ទៅ​ស្រុក​អេស៊ីប សុំ​ជំនួយ​ទ័ព​សេះ និង​ពល​ទាហាន​យ៉ាង​ច្រើន។ តើ​ស្ដេច​ធ្វើ​ដូច្នេះ​អាច​សម្រេច​គម្រោង‌ការ និង​រំដោះ​ខ្លួន​បាន​ឬ​ទេ? ស្ដេច​នោះ​ផ្ដាច់​សម្ពន្ធ‌មេត្រី ហើយ​ពិត​ជា​ពុំ​អាច​រំដោះ​ខ្លួន​បាន​ឡើយ!

16. យើង​ជា​ព្រះ​ដ៏​មាន​ជីវិត​គង់​នៅ! -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់ - ស្ដេច​នោះ​មុខ​ជា​ស្លាប់​នៅ​ក្នុង​ស្រុក នៅ​ក្បែរ​ស្ដេច​ដែល​បាន​តែង‌តាំង​ខ្លួន​ឲ្យ​គ្រង​រាជ្យ និង​នៅ​កណ្ដាល​ក្រុង​បាប៊ី‌ឡូន ព្រោះ​ស្ដេច​នោះ​បាន​ក្បត់​ពាក្យ​សច្ចា‌ប្រណិ‌ធាន និង​ផ្ដាច់​សម្ពន្ធ‌មេត្រី​ទៀត​ផង។

17. ពេល​កង‌ទ័ព​បាប៊ី‌ឡូន​សង់​ប៉ម និង​លើក​ទួល​ឡើង ដើម្បី​ប្រល័យ​ជីវិត​ប្រជា‌ជន​ដ៏​ច្រើន​កុះ‌ករ ទោះ​បី​ស្ដេច​ផារ៉ោន​មាន​ទ័ព​ជា​ច្រើន និង​ខ្លាំង​ពូកែ​យ៉ាង​ណា​ក្ដី ក៏​ពុំ​អាច​ជួយ​ស្ដេច​នោះ​បាន​ដែរ។

18. ស្ដេច​នោះ​បាន​ក្បត់​ពាក្យ​សច្ចា‌ប្រណិ‌ធាន និង​ផ្ដាច់​សម្ពន្ធ‌មេត្រី គឺ​ស្ដេច​បាន​ព្រម​ព្រៀង​ជា​មួយ​គេ ហើយ​បែរ​ជា​ប្រព្រឹត្ត​អំពើ​ទាំង​នេះ​ទៅ​វិញ ដូច្នេះ ស្ដេច​ពុំ​អាច​រំដោះ​ខ្លួន​បាន​ឡើយ!»។

អេសេ‌គាល 17