5. បន្ទាប់មក ឥន្ទ្រីពាំគ្រាប់ពូជមួយពីស្រុកនោះ យកទៅដាក់លើថ្នាលមួយ។ ឥន្ទ្រីដាំគ្រាប់នោះដូចដាំដើមចាក នៅកន្លែងដែលមានទឹកបរិបូណ៌។
6. គ្រាប់ពូជនោះក៏ដុះឡើង ក្លាយទៅជាដើមទំពាំងបាយជូរបែកមែកសាខា វារនៅលើដី។ មែករបស់វាបែរទៅរកឥន្ទ្រី រីឯឫសស្ថិតនៅពីក្រោមវា។ ដើមទំពាំងបាយជូរនោះលូតលាស់ ចេញពន្លក បង្កើតមែកធាង។
7. បន្ទាប់មក មានឥន្ទ្រីដ៏ធំមួយទៀតដែលមានផ្ទាំងស្លាបវែង និងមានស្លាបក្រាស់។ ទំពាំងបាយជូរលូតផុតពីដី ហើយបែរទាំងឫស ទាំងមែកទៅរកឥន្ទ្រីថ្មី ដើម្បីទទួលទឹកពីឥន្ទ្រីនោះ។
8. ទំពាំងបាយជូរដុះនៅលើដីមានជីជាតិល្អ មានទឹកបរិបូណ៌ ហើយបែកមែកសាខា បង្កើតផលផ្លែ ក្លាយទៅជាដើមទំពាំងបាយជូរដ៏ល្អប្រណីត»។
9. ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «តើដើមទំពាំងបាយជូរនេះអាចចម្រើនលូតលាស់បានឬ? ឥន្ទ្រីទីមួយនឹងដកឫស ព្រមទាំងជម្រុះផ្លែរបស់វា ទុកឲ្យដើមវាក្រៀមស្ងួត ហើយស្លឹកដែលទើបនឹងដុះក៏ក្រៀមស្ងួតអស់ដែរ។ ដើម្បីដកឫសរបស់វា មិនចាំបាច់ប្រើកម្លាំងខ្លាំង ឬកងទ័ពច្រើនឡើយ។
10. ទោះបីទំពាំងបាយជូរនេះដុះយ៉ាងមាំក្ដី ក៏វាពុំអាចលូតលាស់បានដែរ។ ពេលមានខ្យល់បក់ពីទិសខាងកើត វាមុខជាក្រៀមស្ងួតមិនខាន គឺវានឹងក្រៀមនៅលើដីដែលវាដុះនោះ»។
11. ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំ ដូចតទៅ៖
12. «ចូរសួរពូជបះបោរថា តើអ្នករាល់គ្នាយល់អត្ថន័យប្រស្នានេះឬទេ? ចូរប្រាប់ពួកគេថា ស្ដេចស្រុកបាប៊ីឡូនបានទៅក្រុងយេរូសាឡឹម ហើយចាប់ស្ដេចស្រុកយូដា និងពួកនាម៉ឺន នាំយកមកស្រុកបាប៊ីឡូន។
13. ស្ដេចស្រុកបាប៊ីឡូនជ្រើសរើសពូជស្ដេចស្រុកយូដាមួយរូបមក ហើយចងសម្ពន្ធមេត្រីជាមួយ ព្រមទាំងឲ្យពូជស្ដេចនោះធ្វើសច្ចាប្រណិធានផង។ ស្ដេចស្រុកបាប៊ីឡូនយកពួកមេដឹកនាំចេញពីស្រុក
14. ដើម្បីឲ្យនគរនោះនៅទន់ខ្សោយ មិនអាចបះបោរ ហើយគោរពសម្ពន្ធមេត្រីយ៉ាងម៉ត់ចត់។
15. ប៉ុន្តែ ស្ដេចយូដាបះបោរប្រឆាំងនឹងស្ដេចស្រុកបាប៊ីឡូន ដោយចាត់អ្នកនាំសារទៅស្រុកអេស៊ីប សុំជំនួយទ័ពសេះ និងពលទាហានយ៉ាងច្រើន។ តើស្ដេចធ្វើដូច្នេះអាចសម្រេចគម្រោងការ និងរំដោះខ្លួនបានឬទេ? ស្ដេចនោះផ្ដាច់សម្ពន្ធមេត្រី ហើយពិតជាពុំអាចរំដោះខ្លួនបានឡើយ!