20. យើងនឹងបោះសំណាញ់ទៅលើស្ដេច ហើយស្ដេចនោះនឹងជាប់ក្នុងសំណាញ់របស់យើង។ យើងនឹងនាំគេទៅស្រុកបាប៊ីឡូន ហើយនៅទីនោះ យើងនឹងកាត់ទោសគេ ព្រោះគេបានក្បត់យើង។
21. ទាហានដ៏ចំណានរបស់គេនឹងស្លាប់ដោយមុខដាវ រីឯអ្នកដែលរួចពីស្លាប់ នឹងត្រូវខ្ចាត់ខ្ចាយរត់ទៅគ្រប់ទិសទី។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា នេះពិតជាពាក្យរបស់យើង ដែលជាព្រះអម្ចាស់មែន»។
22. ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងកាច់ពន្លកមួយពីចុងតាត្រៅ យកមកដាំនៅលើភ្នំដ៏ខ្ពស់សន្លឹម។
23. យើងនឹងដាំពន្លកនោះនៅលើភ្នំដ៏ខ្ពស់ក្នុងស្រុកអ៊ីស្រាអែល ពន្លកនោះនឹងបែកមែកសាខា បង្កើតផ្លែផ្កា ក្លាយទៅជាដើមតាត្រៅដ៏ល្អប្រណីត។ បក្សាបក្សីគ្រប់ប្រភេទនឹងនាំគ្នាមកធ្វើសំបុកអាស្រ័យនៅ តាមមែកតាត្រៅនោះ។
24. ពេលនោះ ដើមឈើទាំងប៉ុន្មាននៅតាមព្រៃនឹងទទួលស្គាល់ថា គឺយើងនេះហើយជាព្រះអម្ចាស់។ យើងរំលំដើមឈើខ្ពស់ៗ ហើយលើកដើមឈើតូចៗឲ្យលូតខ្ពស់ឡើង។ យើងធ្វើឲ្យដើមឈើដែលមានស្លឹកខៀវខ្ចី ប្រែជាក្រៀមស្ងួត ហើយធ្វើឲ្យដើមឈើក្រៀមស្ងួត ត្រឡប់ជាមានស្លឹកខៀវខ្ចីវិញ។ យើងជាព្រះអម្ចាស់ យើងនិយាយយ៉ាងណា យើងក៏នឹងធ្វើយ៉ាងនោះដែរ»។