15. ប៉ុន្តែ ស្ដេចយូដាបះបោរប្រឆាំងនឹងស្ដេចស្រុកបាប៊ីឡូន ដោយចាត់អ្នកនាំសារទៅស្រុកអេស៊ីប សុំជំនួយទ័ពសេះ និងពលទាហានយ៉ាងច្រើន។ តើស្ដេចធ្វើដូច្នេះអាចសម្រេចគម្រោងការ និងរំដោះខ្លួនបានឬទេ? ស្ដេចនោះផ្ដាច់សម្ពន្ធមេត្រី ហើយពិតជាពុំអាចរំដោះខ្លួនបានឡើយ!
16. យើងជាព្រះដ៏មានជីវិតគង់នៅ! -នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់ - ស្ដេចនោះមុខជាស្លាប់នៅក្នុងស្រុក នៅក្បែរស្ដេចដែលបានតែងតាំងខ្លួនឲ្យគ្រងរាជ្យ និងនៅកណ្ដាលក្រុងបាប៊ីឡូន ព្រោះស្ដេចនោះបានក្បត់ពាក្យសច្ចាប្រណិធាន និងផ្ដាច់សម្ពន្ធមេត្រីទៀតផង។
17. ពេលកងទ័ពបាប៊ីឡូនសង់ប៉ម និងលើកទួលឡើង ដើម្បីប្រល័យជីវិតប្រជាជនដ៏ច្រើនកុះករ ទោះបីស្ដេចផារ៉ោនមានទ័ពជាច្រើន និងខ្លាំងពូកែយ៉ាងណាក្ដី ក៏ពុំអាចជួយស្ដេចនោះបានដែរ។
18. ស្ដេចនោះបានក្បត់ពាក្យសច្ចាប្រណិធាន និងផ្ដាច់សម្ពន្ធមេត្រី គឺស្ដេចបានព្រមព្រៀងជាមួយគេ ហើយបែរជាប្រព្រឹត្តអំពើទាំងនេះទៅវិញ ដូច្នេះ ស្ដេចពុំអាចរំដោះខ្លួនបានឡើយ!»។
19. ហេតុនេះ ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «យើងជាព្រះដ៏មានជីវិតគង់នៅ! ស្ដេចស្រុកអ៊ីស្រាអែលក្បត់នឹងពាក្យសច្ចាប្រណិធាន ដែលគេបានស្បថជាមួយយើង ហើយក៏ផ្ដាច់សម្ពន្ធមេត្រីដែលគេបានចងជាមួយយើងដែរ។ យើងនឹងដាក់ទោសគេ តាមពាក្យដែលគេស្បថ។
20. យើងនឹងបោះសំណាញ់ទៅលើស្ដេច ហើយស្ដេចនោះនឹងជាប់ក្នុងសំណាញ់របស់យើង។ យើងនឹងនាំគេទៅស្រុកបាប៊ីឡូន ហើយនៅទីនោះ យើងនឹងកាត់ទោសគេ ព្រោះគេបានក្បត់យើង។
21. ទាហានដ៏ចំណានរបស់គេនឹងស្លាប់ដោយមុខដាវ រីឯអ្នកដែលរួចពីស្លាប់ នឹងត្រូវខ្ចាត់ខ្ចាយរត់ទៅគ្រប់ទិសទី។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា នេះពិតជាពាក្យរបស់យើង ដែលជាព្រះអម្ចាស់មែន»។
22. ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងកាច់ពន្លកមួយពីចុងតាត្រៅ យកមកដាំនៅលើភ្នំដ៏ខ្ពស់សន្លឹម។
23. យើងនឹងដាំពន្លកនោះនៅលើភ្នំដ៏ខ្ពស់ក្នុងស្រុកអ៊ីស្រាអែល ពន្លកនោះនឹងបែកមែកសាខា បង្កើតផ្លែផ្កា ក្លាយទៅជាដើមតាត្រៅដ៏ល្អប្រណីត។ បក្សាបក្សីគ្រប់ប្រភេទនឹងនាំគ្នាមកធ្វើសំបុកអាស្រ័យនៅ តាមមែកតាត្រៅនោះ។
24. ពេលនោះ ដើមឈើទាំងប៉ុន្មាននៅតាមព្រៃនឹងទទួលស្គាល់ថា គឺយើងនេះហើយជាព្រះអម្ចាស់។ យើងរំលំដើមឈើខ្ពស់ៗ ហើយលើកដើមឈើតូចៗឲ្យលូតខ្ពស់ឡើង។ យើងធ្វើឲ្យដើមឈើដែលមានស្លឹកខៀវខ្ចី ប្រែជាក្រៀមស្ងួត ហើយធ្វើឲ្យដើមឈើក្រៀមស្ងួត ត្រឡប់ជាមានស្លឹកខៀវខ្ចីវិញ។ យើងជាព្រះអម្ចាស់ យើងនិយាយយ៉ាងណា យើងក៏នឹងធ្វើយ៉ាងនោះដែរ»។