អេសេ‌គាល 17:1-9 Khmer Standard Version (KHSV)

1. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖

2. «កូន​មនុស្ស​អើយ ចូរ​និទាន​រឿង​មួយ​ចោទ​ជា​ប្រស្នា​ដល់​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ទៅ!

3. ចូរ​ប្រាប់​ពួក​គេ​ថា ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: មាន​សត្វ​ឥន្ទ្រី​មួយ​យ៉ាង​ធំ ផ្ទាំង​ស្លាប​វា​វែង ស្លាប​វា​ក្រាស់ ហើយ​ចំរុះ​ពណ៌។ ឥន្ទ្រី​នោះ​ហើរ​ទៅ​ដល់​ភ្នំ​លីបង់ រួច​កាច់​ចុង​តាត្រៅ។

4. ឥន្ទ្រី​ក៏​កាច់​មែក​ខ្ពស់​ជាង​គេ ពាំ​យក​ទៅ​ស្រុក​របស់​អ្នក​លក់​ដូរ ដាក់​នៅ​ក្នុង​ក្រុង​របស់​អ្នក​ជំនួញ។

5. បន្ទាប់​មក ឥន្ទ្រី​ពាំ​គ្រាប់​ពូជ​មួយ​ពី​ស្រុក​នោះ យក​ទៅ​ដាក់​លើ​ថ្នាល​មួយ។ ឥន្ទ្រី​ដាំ​គ្រាប់​នោះ​ដូច​ដាំ​ដើម​ចាក នៅ​កន្លែង​ដែល​មាន​ទឹក​បរិបូណ៌។

6. គ្រាប់​ពូជ​នោះ​ក៏​ដុះ​ឡើង ក្លាយ​ទៅ​ជា​ដើម​ទំពាំង‌បាយជូរ​បែក​មែក​សាខា វារ​នៅ​លើ​ដី។ មែក​របស់​វា​បែរ​ទៅ​រក​ឥន្ទ្រី រីឯ​ឫស​ស្ថិត​នៅ​ពី​ក្រោម​វា។ ដើម​ទំពាំង‌បាយជូរ​នោះ​លូត​លាស់ ចេញ​ពន្លក បង្កើត​មែក​ធាង។

7. បន្ទាប់​មក មាន​ឥន្ទ្រី​ដ៏​ធំ​មួយ​ទៀត​ដែល​មាន​ផ្ទាំង​ស្លាប​វែង និង​មាន​ស្លាប​ក្រាស់។ ទំពាំង‌បាយជូរ​លូត​ផុត​ពី​ដី ហើយ​បែរ​ទាំង​ឫស ទាំង​មែក​ទៅ​រក​ឥន្ទ្រី​ថ្មី ដើម្បី​ទទួល​ទឹក​ពី​ឥន្ទ្រី​នោះ។

8. ទំពាំង‌បាយជូរ​ដុះ​នៅ​លើ​ដី​មាន​ជីជាតិ​ល្អ មាន​ទឹក​បរិបូណ៌ ហើយ​បែក​មែក​សាខា បង្កើត​ផល​ផ្លែ ក្លាយ​ទៅ​ជា​ដើម​ទំពាំង‌បាយជូរ​ដ៏​ល្អ​ប្រណីត»។

9. ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «តើ​ដើម​ទំពាំង‌បាយជូរ​នេះ​អាច​ចម្រើន​លូត​លាស់​បាន​ឬ? ឥន្ទ្រី​ទី​មួយ​នឹង​ដក​ឫស ព្រម​ទាំង​ជម្រុះ​ផ្លែ​របស់​វា ទុក​ឲ្យ​ដើម​វា​ក្រៀម​ស្ងួត ហើយ​ស្លឹក​ដែល​ទើប​នឹង​ដុះ​ក៏​ក្រៀម​ស្ងួត​អស់​ដែរ។ ដើម្បី​ដក​ឫស​របស់​វា មិន​ចាំ‌បាច់​ប្រើ​កម្លាំង​ខ្លាំង ឬ​កង‌ទ័ព​ច្រើន​ឡើយ។

អេសេ‌គាល 17