7. យើងបានធ្វើឲ្យនាងចម្រើនឡើង ដូចដំណាំលូតលាស់នៅតាមចម្ការ។ នាងក៏បានចម្រើនធំឡើងពេញរូបពេញរាង មានរូបឆោមល្អឥតខ្ចោះ។ ប៉ុន្តែ នាងគ្មានសម្លៀកបំពាក់បិទបាំងកាយទេ។
8. យើងបានដើរកាត់តាមនោះ ឃើញនាងពេញវ័យ ដល់ពេលមានគូស្រករហើយ យើងក៏លាតអាវធំរបស់យើងបិទបាំងរូបកាយនាង។ យើងបានសន្យាយ៉ាងឱឡារិក ហើយចងសម្ពន្ធមេត្រីជាមួយនាង ដើម្បីឲ្យនាងបានទៅជាភរិយារបស់យើង -នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
9. យើងបានយកទឹកមកលាងនាង ហើយជម្រះឈាមដែលប្រឡាក់រូបកាយនាង រួចចាក់ប្រេងក្រអូបលាបនាងទៀតផង។
10. យើងបានឲ្យសម្លៀកបំពាក់ធ្វើពីក្រណាត់ប៉ាក់មកនាង យើងយកស្បែកជើងដ៏ល្អវិសេសមកពាក់ឲ្យនាង ហើយក៏យកស្បៃដ៏ល្អប្រណីត និងអាវធំធ្វើពីសូត្រមកពាក់ឲ្យនាងដែរ។