51. រីឯអំពើបាបដែលសាម៉ារីប្រព្រឹត្ត ពុំបានពាក់កណ្ដាលនៃអំពើបាបរបស់នាងទេ។ អំពើអាក្រក់ដែលនាងប្រព្រឹត្ត មានចំនួនច្រើនលើសអំពើអាក្រក់របស់សាម៉ារីទៅទៀត។ បើប្រៀបផ្ទឹមនឹងអំពើអាក្រក់ទាំងប៉ុន្មានដែលនាងប្រព្រឹត្ត បង និងប្អូនស្រីរបស់នាង ហាក់ដូចជាគ្មានធ្វើអ្វីខុសសោះ។
52. ដោយនាងបានបណ្ដាលឲ្យបង និងប្អូនស្រីរបស់ខ្លួនហាក់ដូចជាគ្មានទោសដូច្នេះ នាងត្រូវបាក់មុខហើយ ដ្បិតនាងប្រព្រឹត្តអំពើអាក្រក់លើសនាងទាំងពីរទៅទៀត គឺនាងទាំងពីរហាក់ដូចជាគ្មានធ្វើអ្វីខុសសោះ។ ដូច្នេះ ចូរអាម៉ាស់ហើយទ្រាំទ្រនឹងការបាក់មុខនេះទៅ ដ្បិតនាងបណ្ដាលឲ្យបង និងប្អូនស្រីរបស់នាង ហាក់ដូចជាគ្មានកំហុសសោះ។
53. យើងនឹងធ្វើឲ្យក្រុងសូដុម និងស្រុកភូមិនៅជុំវិញ ព្រមទាំងក្រុងសាម៉ារី និងស្រុកភូមិនៅជុំវិញបានចម្រុងចម្រើនដូចមុន។ រីឯនាង យើងក៏ធ្វើឲ្យនាងបានចម្រុងចម្រើនឡើងវិញដែរ។
54. បងស្រី និងប្អូនស្រីរបស់នាងនឹងបានធូរស្រាល ដោយឃើញនាងត្រូវបាក់មុខ ព្រោះតែអំពើទាំងប៉ុន្មានដែលនាងបានធ្វើ។
55. ក្រុងសូដុម និងស្រុកភូមិដែលនៅជុំវិញ នឹងបានដូចដើម ក្រុងសាម៉ារី និងស្រុកភូមិដែលនៅជុំវិញ នឹងបានដូចដើម ហើយនាង និងស្រុកភូមិរបស់នាង ក៏បានដូចដើមឡើងវិញដែរ។
56. កាលនាងនៅមានអំនួត នាងតែងតែមាក់ងាយសូដុម។
57. គ្រានោះ អំពើអាក្រក់របស់នាងមិនទាន់បើកមុខនៅឡើយទេ។ ឥឡូវនេះ ដល់វេនដែលក្រុងនានានៃស្រុកអារ៉ាម និងស្រុកភូមិនៅជុំវិញ ប្រមាថមើលងាយនាងហើយ។ ក្រុងទាំងឡាយនៃស្រុកភីលីស្ទីន ដែលនៅជិតខាងនាង ក៏នាំគ្នាមើលងាយនាងដែរ។
58. នាងត្រូវរងនូវអំពើថោកទាប និងអំពើគួរស្អប់ខ្ពើមដែលខ្លួនបានប្រព្រឹត្ត - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
59. ដូច្នេះ យើងជាព្រះជាអម្ចាស់ យើងនឹងប្រព្រឹត្តចំពោះនាងតាមអំពើដែលនាងបានប្រព្រឹត្ត គឺនាងបានបំភ្លេចពាក្យសម្បថ ដោយផ្ដាច់សម្ពន្ធមេត្រីរបស់យើង។