37. ហេតុនេះ យើងនឹងប្រមូលសហាយទាំងអស់ដែលពេញចិត្តនាង គឺទាំងអ្នកដែលនាងស្រឡាញ់ ទាំងអ្នកដែលនាងស្អប់ យើងនឹងប្រមូលពួកគេពីគ្រប់ទីកន្លែងឲ្យមកប្រឆាំងនឹងនាង។ យើងនឹងយកសម្លៀកបំពាក់ចេញពីនាង ហើយបើកកេរខ្មាសរបស់នាងឲ្យពួកគេឃើញ។
38. យើងនឹងដាក់ទោសនាង ដូចគេដាក់ទោសស្រីផិតប្ដី និងស្រីឃាតក យើងនឹងឲ្យគេបង្ហូរឈាមនាង តាមកំហឹង និងចិត្តប្រច័ណ្ឌរបស់យើង។
39. យើងនឹងប្រគល់នាងទៅក្នុងកណ្ដាប់ដៃសហាយរបស់នាង។ ពួកគេនឹងកម្ទេចខ្ទម ព្រមទាំងកន្លែងដែលនាងប្រព្រឹត្តអំពើពេស្យាចារ ពួកគេនឹងយកសម្លៀកបំពាក់ និងគ្រឿងអលង្ការចេញពីនាង ទុកឲ្យនាងនៅខ្លួនទទេ។
40. ពួកគេនឹងប្រមូលបណ្ដាជនមក ហើយយកដុំថ្មគប់នាង និងយកដាវចាក់ទម្លុះនាង។
41. ពួកគេនឹងដុតផ្ទះរបស់នាង ពួកគេនឹងកាត់ទោសនាងឲ្យស្រីជាច្រើនឃើញ។ យើងនឹងបញ្ឈប់អំពើពេស្យាចាររបស់នាង នាងលែងបង់ប្រាក់ឲ្យសហាយរបស់នាងទៀតហើយ។
42. ពេលដាក់ទោសនាងរួចហើយ យើងនឹងរសាយកំហឹង។ យើងលែងប្រច័ណ្ឌ យើងស្ងប់ចិត្តលែងខឹងសម្បារនឹងនាងទៀត។
43. ដោយនាងពុំបាននឹកឃើញគ្រានាងនៅពីក្មេង ហើយប្រព្រឹត្តអំពើផ្សេងៗធ្វើឲ្យយើងខឹង នោះយើងនឹងដាក់ទោសនាងតាមអំពើដែលនាងប្រព្រឹត្ត គឺនាងបានប្រព្រឹត្តអំពើដ៏គួរឲ្យស្អប់ខ្ពើម ថែមពីលើអំពើដ៏ថោកទាប - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
44. អ្នកចងក្រងសុភាសិតមុខជាយកសុភាសិតមួយនេះ មកនិយាយអំពីនាងថា “ម្ដាយយ៉ាងណា កូនស្រីក៏យ៉ាងនោះដែរ!”។
45. នាងពិតជាកូនដែលកាត់ទៅម្ដាយ ម្ដាយរបស់នាងស្អប់ប្ដី និងកូនរបស់ខ្លួន។ នាងក៏កាត់ទៅបងស្រី និងប្អូនស្រីរបស់នាងដែរ អ្នកទាំងនោះស្អប់ប្ដី និងកូនរបស់ខ្លួន។ ម្ដាយរបស់នាងជាសាសន៍ហេត រីឯឪពុករបស់នាងជាសាសន៍អាម៉ូរី។
46. បងស្រីរបស់នាងគឺសាម៉ារី ដែលស្ថិតនៅខាងជើង ព្រមទាំងស្រុកភូមិជុំវិញ។ ប្អូនស្រីរបស់នាងគឺសូដុម ដែលស្ថិតនៅខាងត្បូង ព្រមទាំងស្រុកភូមិជុំវិញ។
47. នាងមិនត្រឹមតែយកតម្រាប់តាមពួកគេ និងប្រព្រឹត្តអំពើគួរស្អប់ខ្ពើមដូចពួកគេប៉ុណ្ណោះទេ គឺនាងប្រព្រឹត្តអំពើគ្រប់យ៉ាងអាក្រក់លើសពួកគេទៅទៀត។
48. យើងប្រកាសក្នុងនាមយើង ជាព្រះដែលមានជីវិតគង់នៅថា សូដុមជាប្អូនស្រីរបស់នាង ព្រមទាំងស្រុកភូមិជុំវិញ ពុំបានប្រព្រឹត្តដូចនាង និងស្រុកភូមិរបស់នាងទេ -នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
49. សូដុម ជាប្អូនស្រីរបស់នាង មានកំហុសដូចតទៅនេះ គឺសូដុម និងស្រុកភូមិមានអំនួត គេមានអាហារបរិភោគហូរហៀរ គេសំងំយកសុខតែឯង គឺឥតរវីរវល់ជួយមនុស្សទុគ៌ត និងជនក្រីក្រឡើយ។
50. សូដុម និងស្រុកភូមិវាយឫកខ្ពស់ ហើយនាំគ្នាប្រព្រឹត្តអំពើគួរស្អប់ខ្ពើមនៅចំពោះមុខយើង។ ដូច្នេះ យើងបានលុបបំបាត់ពួកគេពីទឹកដីនេះដូចនាងឃើញស្រាប់។
51. រីឯអំពើបាបដែលសាម៉ារីប្រព្រឹត្ត ពុំបានពាក់កណ្ដាលនៃអំពើបាបរបស់នាងទេ។ អំពើអាក្រក់ដែលនាងប្រព្រឹត្ត មានចំនួនច្រើនលើសអំពើអាក្រក់របស់សាម៉ារីទៅទៀត។ បើប្រៀបផ្ទឹមនឹងអំពើអាក្រក់ទាំងប៉ុន្មានដែលនាងប្រព្រឹត្ត បង និងប្អូនស្រីរបស់នាង ហាក់ដូចជាគ្មានធ្វើអ្វីខុសសោះ។