21. នាងបានអារ-កកូនប្រុសរបស់យើង ហើយដុតថ្វាយរូបទាំងនោះ។
22. ក្នុងពេលនាងឈ្លក់នឹងអំពើពេស្យាចារដ៏គួរឲ្យស្អប់ខ្ពើមទាំងនេះ នាងពុំបាននឹកឃើញគ្រាដែលនាងនៅពីក្មេង គ្មានសម្លៀកបំពាក់បិទបាំងកាយ ហើយបម្រះនៅក្នុងថ្លុកឈាមនោះទេ។
23. នាងនឹងត្រូវវេទនា ព្រោះតែអំពើអាក្រក់ទាំងប៉ុន្មានដែលនាងប្រព្រឹត្ត គឺនាងពិតជាត្រូវវេទនាមិនខាន - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
24. នាងបានសង់ខ្ទម សម្រាប់ប្រព្រឹត្តអំពើពេស្យាចារគ្រប់ទីកន្លែង
25. គឺនាងសង់នៅគ្រប់ច្រកផ្លូវ ហើយប្រើសម្រស់របស់ខ្លួនប្រព្រឹត្តអំពើគួរស្អប់ខ្ពើម។ នាងប្រគល់ខ្លួនទៅឲ្យអស់អ្នកដើរកាត់តាមនោះ នាងប្រព្រឹត្តអំពើពេស្យាចារកាន់តែច្រើនឡើងៗ។
26. នាងប្រព្រឹត្តអំពើពេស្យាចារជាមួយជនជាតិអេស៊ីប ជាអ្នកជិតខាងដែលមានកម្លាំងមាំមួន។ នាងប្រព្រឹត្តអំពើពេស្យាចារកាន់តែច្រើនឡើងៗ រហូតដល់ធ្វើឲ្យយើងខឹង។
27. ហេតុនេះបានជាយើងសម្តែងបារមីប្រឆាំងនឹងនាង យើងកាត់បន្ថយទឹកដីរបស់នាង ហើយប្រគល់នាងទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ គឺពួកភីលីស្ទីនដែលនឹកខ្មាសចំពោះអំពើថោកទាបរបស់នាង។
28. ដោយនាងពុំស្កប់ចិត្ត នាងក៏ប្រព្រឹត្តអំពើពេស្យាចារជាមួយជនជាតិអាស្ស៊ីរី។ ប៉ុន្តែ ទោះបីនាងបានប្រព្រឹត្តអំពើពេស្យាចារជាមួយអ្នកទាំងនោះក្ដី ក៏នាងនៅតែពុំស្កប់ដដែល។
29. នាងប្រព្រឹត្តអំពើពេស្យាចារកាន់តែច្រើនឡើងៗជាមួយជនជាតិបាប៊ីឡូនជាអ្នកជំនួញ ប៉ុន្តែ នាងនៅតែពុំស្កប់ចិត្តដដែល។
30. នាងមានចិត្តសាវ៉ាណាស់ នាងប្រព្រឹត្តអំពើទាំងនេះដែលជាអំពើរបស់មេបនពេស្យា! - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
31. រៀងរាល់ពេលដែលនាងសង់ខ្ទមនៅតាមច្រកផ្លូវ ហើយរៀបចំកន្លែងប្រព្រឹត្តអំពើពេស្យាចារគ្រប់ទិសទី នាងពុំបានទារប្រាក់ដែលស្រីពេស្យាធ្លាប់ទារនោះទេ។
32. នាងជាស្ត្រីផិតប្ដី ទៅស្រឡាញ់ប្រុសដទៃ។
33. ធម្មតា ស្រីពេស្យាតែងតែទទួលជំនូន រីឯនាង នាងបែរជាយកជំនូនទៅឲ្យសហាយរបស់ខ្លួនទៅវិញ។ នាងយកជំនូនទៅទាក់ទាញពួកគេពីគ្រប់ទីកន្លែង មករួមផិតក្បត់ជាមួយនាង។