2. ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖
3. «កូនមនុស្សអើយ អ្នកទាំងនោះជំពាក់ចិត្តនឹងព្រះក្លែងក្លាយ ហើយនាំគ្នាគោរពអ្វីៗដែលនាំឲ្យខ្លួនប្រព្រឹត្តអំពើបាប។ តើពួកគេនឹកស្មានថា យើងនឹងផ្ដល់ចម្លើយឲ្យឬ?
4. ចូរនាំពាក្យទៅប្រាប់ពួកគេថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: ក្នុងចំណោមពូជពង្សអ៊ីស្រាអែល អ្នកណាជំពាក់ចិត្តនឹងព្រះក្លែងក្លាយ ហើយគោរពអ្វីៗដែលនាំឲ្យខ្លួនប្រព្រឹត្តអំពើបាប រួចមករកព្យាការី យើងជាព្រះអម្ចាស់ យើងនឹងឆ្លើយតបទៅអ្នកនោះវិញ ដោយផ្ទាល់តែម្ដង។ យើងនឹងឆ្លើយទៅគេវិញ តាមចំនួនព្រះក្លែងក្លាយដែលគេគោរព។
5. ចម្លើយរបស់យើងនឹងធ្វើឲ្យជនជាតិអ៊ីស្រាអែលរំជួលចិត្ត ដ្បិតពួកគេបានងាកចេញឆ្ងាយពីយើង ទៅគោរពព្រះក្លែងក្លាយទាំងអស់គ្នា។
6. ហេតុនេះ ចូរប្រាប់ពូជពង្សអ៊ីស្រាអែលថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: “ចូរវិលត្រឡប់មកវិញ ចូរលះបង់ព្រះក្លែងក្លាយ ហើយងាកចេញពីអំពើគួរស្អប់ខ្ពើមទាំងប៉ុន្មានដែលអ្នករាល់គ្នាប្រព្រឹត្ត!
7. ប្រសិនបើជនជាតិអ៊ីស្រាអែល ឬជនបរទេសណាម្នាក់ដែលរស់នៅក្នុងស្រុកអ៊ីស្រាអែល ងាកចេញឆ្ងាយពីយើង ព្រមទាំងជំពាក់ចិត្តនឹងព្រះក្លែងក្លាយ ហើយនាំគ្នាគោរពអ្វីៗដែលនាំឲ្យខ្លួនប្រព្រឹត្តអំពើបាប រួចមករកព្យាការីទស្សន៍ទាយ យើងដែលជាព្រះអម្ចាស់យើងនឹងឆ្លើយតបទៅអ្នកនោះវិញ ដោយផ្ទាល់តែម្ដង។
8. យើងនឹងដាក់ទោសអ្នកនោះ យើងនឹងធ្វើឲ្យអ្នកនោះក្លាយទៅជាគំរូអាក្រក់ និងជាមេរៀនសម្រាប់ព្រមានអ្នកឯទៀតៗ យើងនឹងដកអ្នកនោះចេញពីចំណោមប្រជារាស្ត្ររបស់យើង។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន។
9. ប្រសិនបើព្យាការីចាញ់ការល្បួងរបស់គេ ហើយឆ្លើយតបទៅគេវិញ គឺយើងជាព្រះអម្ចាស់បានបណ្ដោយឲ្យព្យាការីនោះចាញ់ការល្បួង។ យើងនឹងដាក់ទោសគាត់ ហើយដកគាត់ចេញពីចំណោមអ៊ីស្រាអែលជាប្រជារាស្ត្ររបស់យើង។
10. ព្យាការី និងអ្នកទៅរកព្យាការីទស្សន៍ទាយត្រូវទទួលទោសដូចគ្នា ព្រោះគេប្រព្រឹត្តអំពើបាបតែមួយ។