10. ព្យាការី និងអ្នកទៅរកព្យាការីទស្សន៍ទាយត្រូវទទួលទោសដូចគ្នា ព្រោះគេប្រព្រឹត្តអំពើបាបតែមួយ។
11. ដូច្នេះ ជនជាតិអ៊ីស្រាអែលលែងវង្វេងចេញឆ្ងាយពីយើង ហើយលែងសៅហ្មងដោយអំពើទុច្ចរិតទាំងប៉ុន្មានទៀតហើយ។ ពេលនោះ គេនឹងធ្វើជាប្រជារាស្ត្ររបស់យើង ហើយយើងធ្វើជាព្រះរបស់ពួកគេ”» - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
12. ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖
13. «កូនមនុស្សអើយ ប្រសិនបើប្រជាជននៅក្នុងស្រុកទាំងមូលប្រព្រឹត្តអំពើបាប ដោយក្បត់យើង យើងនឹងដាក់ទោសពួកគេឲ្យខ្វះស្បៀង និងកើតទុរ្ភិក្ស ហើយដកជីវិតទាំងមនុស្សទាំងសត្វនៅស្រុកនោះផង។
14. ទោះបីនៅស្រុកនោះ មានណូអេ ដានីយ៉ែល និងយ៉ូបក្ដី ក៏សេចក្ដីសុចរិតរបស់អ្នកទាំងបី រក្សាបានត្រឹមតែជីវិតរបស់ខ្លួនគេផ្ទាល់ប៉ុណ្ណោះ - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
15. ប្រសិនបើយើងឲ្យសត្វសាហាវចូលមកក្នុងស្រុក ប្រល័យជីវិតអ្នកស្រុក និងធ្វើឲ្យស្រុកនោះក្លាយទៅជាទីស្មសាន គ្មាននរណាដើរកាត់ ព្រោះខ្លាចសត្វទាំងនោះ
16. ទោះបីមានអ្នកទាំងបីរស់នៅក្នុងស្រុកក្ដី យើងសុំប្រកាសក្នុងនាមយើងជាព្រះដែលមានជីវិតគង់នៅថា អ្នកទាំងបីរំដោះបានតែជីវិតរបស់ខ្លួនប៉ុណ្ណោះ គឺសូម្បីតែកូនប្រុសកូនស្រីរបស់គេផ្ទាល់ ក៏គេពុំអាចរំដោះបានដែរ ហើយស្រុកនោះនឹងក្លាយទៅជាទីស្មសាន - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
17. ប្រសិនបើយើងធ្វើឲ្យសង្គ្រាមកើតមានដល់ស្រុក ប្រសិនបើយើងបញ្ជាឲ្យកងទ័ពមួយវាយលុកស្រុកនោះ ប្រល័យជីវិតទាំងមនុស្សទាំងសត្វ
18. ទោះបីមានអ្នកទាំងបីរស់នៅក្នុងស្រុកក្ដី យើងសុំប្រកាសក្នុងនាមយើងជាព្រះដែលមានជីវិតគង់នៅថា អ្នកទាំងបីរំដោះបានតែជីវិតរបស់ខ្លួនប៉ុណ្ណោះ គឺសូម្បីតែកូនប្រុសកូនស្រីរបស់គេផ្ទាល់ ក៏គេពុំអាចរំដោះបានដែរ - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
19. ប្រសិនបើយើងធ្វើឲ្យជំងឺរាតត្បាតកើតមានក្នុងស្រុកនេះ ដើម្បីដាក់ទោសពួកគេ ដោយប្រល័យជីវិតទាំងមនុស្សទាំងសត្វ
20. ទោះបីមានណូអេ ដានីយ៉ែល និងយ៉ូបរស់នៅក្នុងស្រុកក្ដី យើងសុំប្រកាសក្នុងនាមយើងជាព្រះដែលមានជីវិតគង់នៅថា សេចក្ដីសុចរិតរបស់អ្នកទាំងបីរំដោះបានតែជីវិតរបស់ខ្លួនប៉ុណ្ណោះ គឺសូម្បីតែកូនប្រុសកូនស្រីរបស់គេផ្ទាល់ ក៏គេពុំអាចរំដោះបានដែរ» - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់ -។
21. ពិតមែនហើយ ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «ទោះបីយើងដាក់ទោសក្រុងយេរូសាឡឹម ដោយគ្រោះកាចទាំងបួនយ៉ាង គឺសង្គ្រាម ទុរ្ភិក្ស សត្វសាហាវ និងជំងឺរាតត្បាត ដើម្បីប្រល័យជីវិតពួកគេទាំងមនុស្សទាំងសត្វក្ដី
22. ក៏មានមនុស្សប្រុសស្រីមួយចំនួននៅសេសសល់ដែរ។ ខ្មាំងនឹងកៀរអ្នកទាំងនោះឲ្យចេញមកនៅជាមួយអ្នករាល់គ្នា។ អ្នករាល់គ្នានឹងឃើញរបៀបដែលគេរស់នៅ ព្រមទាំងរបៀបដែលគេប្រព្រឹត្ត ហើយអ្នករាល់គ្នានឹងធូរស្រាលក្នុងចិត្ត ចំពោះទុក្ខវេទនាដែលយើងបានធ្វើឲ្យកើតមានដល់ក្រុងយេរូសាឡឹម។