5. ព្យាការីក្លែងក្លាយអើយ អ្នករាល់គ្នាពុំបានឡើងទៅជួសជុលកំពែងធ្លុះធ្លាយ អ្នករាល់គ្នាពុំបានធ្វើរបង ដើម្បីឲ្យពូជពង្សអ៊ីស្រាអែលការពារខ្លួនក្នុងពេលមានសង្គ្រាម នៅថ្ងៃដែលព្រះអម្ចាស់ព្រះពិរោធទេ។
6. អ្នករាល់គ្នារៀបរាប់ពីនិមិត្តហេតុឥតបានការ និងពាក្យទស្សន៍ទាយបោកប្រាស់។ អ្នករាល់គ្នាតែងពោលថា “នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់” តែព្រះអម្ចាស់ពុំបានចាត់អ្នករាល់គ្នាមកទេ។ អ្នករាល់គ្នាសង្ឃឹមថា ពាក្យរបស់ខ្លួននឹងសម្រេចជារូបរាង។
7. និមិត្តហេតុដែលអ្នករាល់គ្នារៀបរាប់នោះ សុទ្ធតែឥតបានការ ហើយពាក្យដែលអ្នករាល់គ្នាទស្សន៍ទាយសុទ្ធតែកុហក! អ្នករាល់គ្នាតែងពោលថា “នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់!” តែយើងពុំបាននិយាយឡើយ»។
8. ហេតុនេះ ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ៖ «ដោយអ្នករាល់គ្នាពោលតែពាក្យឥតបានការ ហើយរៀបរាប់អំពីនិមិត្តហេតុកុហក យើងនឹងដាក់ទោសអ្នករាល់គ្នា -នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
9. ពួកព្យាការីក្លែងក្លាយអើយ យើងនឹងប្រហារអ្នករាល់គ្នា ព្រោះអ្នករាល់គ្នារៀបរាប់អំពីនិមិត្តហេតុឥតបានការ និងទស្សន៍ទាយបោកប្រាស់។ អ្នករាល់គ្នាមិនស្ថិតនៅក្នុងចំណោមប្រជាជនរបស់យើង ហើយក៏គ្មានឈ្មោះក្នុងបញ្ជី របស់ពូជពង្សអ៊ីស្រាអែលដែរ អ្នករាល់គ្នានឹងមិនវិលត្រឡប់ទៅកាន់ទឹកដីអ៊ីស្រាអែលវិញឡើយ។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាព្រះជាអម្ចាស់មែន។
10. ព្យាការីទាំងនោះបាននាំប្រជាជនរបស់យើងឲ្យវង្វេង ដោយពោលថា មានសន្តិភាពហើយ! តែគ្មានសន្តិភាពទាល់តែសោះ។ ប្រជាជនរបស់យើងសង់ជញ្ជាំង ហើយព្យាការីទាំងនោះនាំគ្នាបូកបាយអពីលើ។
11. ចូរប្រកាសប្រាប់អ្នកបូកបាយអទាំងនោះថា: ជញ្ជាំងនេះមុខជារលំមិនខាន! ភ្លៀងនឹងបង្អុរមកយ៉ាងខ្លាំង ព្រឹលក៏ធ្លាក់មក ហើយខ្យល់ព្យុះក៏កើតមានដែរ ពេលនោះ ជញ្ជាំងនឹងរលំបាក់បែកអស់។
12. ពេលជញ្ជាំងរលំ គេនឹងសួរអ្នករាល់គ្នា តើបាយអដែលអ្នករាល់គ្នាបូកនោះទៅណាបាត់ហើយ?»។
13. ហេតុនេះព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ៖ «យើងនឹងធ្វើឲ្យមានព្យុះបក់បោកមក តាមកំហឹងដ៏ខ្លាំងក្លារបស់យើង ហើយនឹងមានភ្លៀងបង្អុរមកយ៉ាងខ្លាំង តាមកំហឹងរបស់យើង ព្រឹលនឹងធ្លាក់ចុះមកយ៉ាងសាហាវ ធ្វើឲ្យជញ្ជាំងរលំ។