11. ចូរប្រកាសប្រាប់អ្នកបូកបាយអទាំងនោះថា: ជញ្ជាំងនេះមុខជារលំមិនខាន! ភ្លៀងនឹងបង្អុរមកយ៉ាងខ្លាំង ព្រឹលក៏ធ្លាក់មក ហើយខ្យល់ព្យុះក៏កើតមានដែរ ពេលនោះ ជញ្ជាំងនឹងរលំបាក់បែកអស់។
12. ពេលជញ្ជាំងរលំ គេនឹងសួរអ្នករាល់គ្នា តើបាយអដែលអ្នករាល់គ្នាបូកនោះទៅណាបាត់ហើយ?»។
13. ហេតុនេះព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ៖ «យើងនឹងធ្វើឲ្យមានព្យុះបក់បោកមក តាមកំហឹងដ៏ខ្លាំងក្លារបស់យើង ហើយនឹងមានភ្លៀងបង្អុរមកយ៉ាងខ្លាំង តាមកំហឹងរបស់យើង ព្រឹលនឹងធ្លាក់ចុះមកយ៉ាងសាហាវ ធ្វើឲ្យជញ្ជាំងរលំ។
14. យើងនឹងកម្ទេចជញ្ជាំងដែលអ្នករាល់គ្នាបូកបាយអពីលើ យើងនឹងធ្វើឲ្យជញ្ជាំងនោះរលំដល់ដី គ្រឹះរបស់វានឹងរលើង ហើយជញ្ជាំងរលំសង្កត់លើអ្នករាល់គ្នា។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន។
15. យើងនឹងប្រព្រឹត្តចំពោះជញ្ជាំងនោះ ព្រមទាំងអស់អ្នកដែលបូកបាយអ តាមកំហឹងរបស់យើង រហូតដល់ចប់ចុងចប់ដើម។ គេនឹងពោលថា: គ្មានជញ្ជាំង គ្មានអ្នកបូកបាយអ
16. គ្មានព្យាការីរបស់ជនជាតិអ៊ីស្រាអែលទស្សន៍ទាយអំពីក្រុងយេរូសាឡឹម និងរៀបរាប់អំពីនិមិត្តហេតុដែលថាក្រុងនេះនឹងមានសន្តិភាព តែគ្មានសន្តិភាពសោះ! -នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
17. កូនមនុស្សអើយ ចូរបែរមុខទៅរកស្រីៗនៃប្រជាជនរបស់អ្នក ដែលទស្សន៍ទាយតាមអំពើចិត្តរបស់ខ្លួន។ ចូរថ្លែងព្រះបន្ទូលប្រឆាំងនឹងស្រីទាំងនោះទៅ!
18. ចូរពោលទៅពួកគេថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: វេទនាហើយស្រីៗ ដែលវេញអំបោះឲ្យប្រជាជនទាំងអស់ពាក់នៅកដៃ និងដេរឆ្នួតឲ្យប្រជាជនគ្រប់អាយុពាក់នៅលើក្បាល ដើម្បីខាបព្រលឹង! ពួកនាងខាបព្រលឹងប្រជាជនរបស់យើង ហើយនឹកស្មានថាអាចរក្សាជីវិតរបស់ខ្លួនបានឬ?
19. ពួកនាងបន្ថោកយើងនៅចំពោះមុខប្រជាជនរបស់យើង ព្រោះចង់បានអង្ករពីរបីក្តាប់ និងនំបុ័ងពីរបីដុំ។ ពួកនាងបោកប្រាស់ប្រជាជនរបស់យើង ដ្បិតគេឆាប់ជឿពាក្យកុហករបស់ពួកនាងធ្វើដូច្នេះ ពួកនាងសម្លាប់អស់អ្នកដែលមិនត្រូវស្លាប់ តែទុកជីវិតឲ្យអស់អ្នកដែលមិនត្រូវរស់»។
20. ហេតុនេះ ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «យើងប្រឆាំងនឹងអំបោះ ដែលពួកនាងប្រើសម្រាប់ខាបព្រលឹង។ យើងនឹងយកអំបោះទាំងនោះចេញពីដៃរបស់ពួកនាង ហើយដោះលែងព្រលឹងដែលពួកនាងចាប់យកមកឃុំឃាំង។
21. យើងនឹងហែកឆ្នួតរបស់ពួកនាង ព្រមទាំងដោះលែងប្រជាជនរបស់យើងពីកណ្ដាប់ដៃពួកនាង ហើយពួកនាងមិនអាចចាប់ពួកគេ ទុកជារំពាក្នុងកណ្ដាប់ដៃរបស់ខ្លួនឡើយ។ ពេលនោះ ពួកនាងនឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន។
22. ដោយសារពាក្យកុហក ពួកនាងបំបាក់ទឹកចិត្តរបស់មនុស្សសុចរិត ដែលយើងពុំបានធ្វើឲ្យពិបាកចិត្ត។ ពួកនាងលើកទឹកចិត្តមនុស្សអាក្រក់ ឲ្យដើរក្នុងផ្លូវអាក្រក់តទៅទៀត មិនឲ្យគេងាកចេញពីផ្លូវរបស់ខ្លួន ដើម្បីទទួលជីវិតឡើយ។
23. ពួកនាងនឹងលែងប្រឌិតនិមិត្តហេតុដ៏ឥតបានការ ហើយក៏លែងទស្សន៍ទាយទៀតដែរ។ យើងនឹងដោះលែងប្រជារាស្ត្ររបស់យើងពីកណ្ដាប់ដៃរបស់ពួកនាង។ ពេលនោះ ពួកនាងនឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន»។