1. ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖
2. «កូនមនុស្សអើយ! ចូរថ្លែងព្រះបន្ទូល ប្រឆាំងនឹងពួកព្យាការីរបស់ជនជាតិអ៊ីស្រាអែល។ ចូរប្រាប់ពួកព្យាការីដែលបានទស្សន៍ទាយតាមអំពើចិត្តរបស់ខ្លួនថា: ចូរស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់!។
3. ព្រះជាអម្ចាស់មានព្រះបន្ទូលថា: ព្យាការីល្ងីល្ងើអើយ អ្នករាល់គ្នាត្រូវវេទនាហើយ! អ្នករាល់គ្នាទស្សន៍ទាយតាមការនឹកឃើញរបស់ខ្លួន គឺឥតបានឃើញនិមិត្តហេតុពីព្រះជាម្ចាស់ឡើយ។
4. ឱអ៊ីស្រាអែលអើយ ព្យាការីរបស់អ្នកប្រៀបបាននឹងកញ្ជ្រោង ដែលរស់នៅតាមគំនរបាក់បែក!
5. ព្យាការីក្លែងក្លាយអើយ អ្នករាល់គ្នាពុំបានឡើងទៅជួសជុលកំពែងធ្លុះធ្លាយ អ្នករាល់គ្នាពុំបានធ្វើរបង ដើម្បីឲ្យពូជពង្សអ៊ីស្រាអែលការពារខ្លួនក្នុងពេលមានសង្គ្រាម នៅថ្ងៃដែលព្រះអម្ចាស់ព្រះពិរោធទេ។
6. អ្នករាល់គ្នារៀបរាប់ពីនិមិត្តហេតុឥតបានការ និងពាក្យទស្សន៍ទាយបោកប្រាស់។ អ្នករាល់គ្នាតែងពោលថា “នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់” តែព្រះអម្ចាស់ពុំបានចាត់អ្នករាល់គ្នាមកទេ។ អ្នករាល់គ្នាសង្ឃឹមថា ពាក្យរបស់ខ្លួននឹងសម្រេចជារូបរាង។
7. និមិត្តហេតុដែលអ្នករាល់គ្នារៀបរាប់នោះ សុទ្ធតែឥតបានការ ហើយពាក្យដែលអ្នករាល់គ្នាទស្សន៍ទាយសុទ្ធតែកុហក! អ្នករាល់គ្នាតែងពោលថា “នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់!” តែយើងពុំបាននិយាយឡើយ»។