8. លុះព្រឹកឡើង ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖
9. «កូនមនុស្សអើយ! ពូជពង្សអ៊ីស្រាអែលដែលជាពូជបះបោរនេះ មុខជាសួរអ្នកថា “តើលោកធ្វើអ្វី?”
10. ត្រូវតបទៅពួកគេថា “ព្រះជាអម្ចាស់មានព្រះបន្ទូលថា នេះជាការព្រមានដល់ស្ដេចនៅក្រុងយេរូសាឡឹម និងពូជពង្សអ៊ីស្រាអែលទាំងមូល ដែលស្ថិតនៅក្រុងនេះ”។
11. ចូរប្រាប់ពួកគេថា “ខ្ញុំធ្វើដូច្នេះ ជាប្រផ្នូលសម្រាប់អ្នករាល់គ្នា។ ខ្ញុំធ្វើយ៉ាងណា អ្នករាល់គ្នាក៏ធ្វើយ៉ាងនោះដែរ គឺអ្នករាល់គ្នានឹងត្រូវខ្មាំងកៀរយកទៅជាឈ្លើយ។
12. រីឯស្ដេចដែលគ្រប់គ្រងអ្នករាល់គ្នា ក៏នឹងស្ពាយបង្វេចចាកចេញពីក្រុងទៅ ក្នុងពេលងងឹតដែរ។ គេនឹងទម្លុះកំពែងក្រុងឲ្យស្ដេចចេញ ទាំងបិទមុខ មិនឲ្យឃើញថាទៅទីណា។
13. យើងនឹងបោះសំណាញ់ទៅលើស្ដេច ហើយស្ដេចនោះនឹងជាប់អន្ទាក់របស់យើង។ យើងនឹងនាំគេទៅស្រុកបាប៊ីឡូន គឺស្រុករបស់ជនជាតិខាល់ដេ គេនឹងស្លាប់នៅស្រុកនោះ តែឥតបានឃើញស្រុកនោះឡើយ។
14. យើងនឹងកំចាត់កំចាយអស់អ្នកដែលនៅជាមួយស្ដេច គឺទាំងអង្គរក្ស និងទាហានទាំងប៉ុន្មានរបស់ស្ដេច ឲ្យទៅគ្រប់ទីកន្លែង ព្រមទាំងយកដាវដេញតាមប្រហារពួកគេពីក្រោយផង។
15. ពេលណាយើងបំបែកពួកគេឲ្យទៅនៅក្នុងចំណោមប្រជាជាតិនានា ពេលណាយើងកំចាត់កំចាយពួកគេទៅនៅតាមស្រុកទាំងឡាយ ពួកគេនឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន។
16. ប៉ុន្តែ យើងទុកឲ្យពួកគេមួយចំនួននៅសេសសល់ គឺគេចផុតពីមុខដាវ ពីទុរ្ភិក្ស និងជំងឺរាតត្បាត ដើម្បីឲ្យរៀបរាប់អំពីការប្រព្រឹត្តគួរស្អប់ខ្ពើមទាំងនេះប្រាប់ប្រជាជាតិនានា។ ពេលនោះ ពួកគេនឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន”»។
17. ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំ ដូចតទៅ៖
18. «កូនមនុស្សអើយ ចូរបរិភោគអាហារ ទាំងញាប់ញ័រ ចូរផឹកទឹកទាំងស្លន់ស្លោ និងភ័យរន្ធត់។