13. យើងនឹងបោះសំណាញ់ទៅលើស្ដេច ហើយស្ដេចនោះនឹងជាប់អន្ទាក់របស់យើង។ យើងនឹងនាំគេទៅស្រុកបាប៊ីឡូន គឺស្រុករបស់ជនជាតិខាល់ដេ គេនឹងស្លាប់នៅស្រុកនោះ តែឥតបានឃើញស្រុកនោះឡើយ។
14. យើងនឹងកំចាត់កំចាយអស់អ្នកដែលនៅជាមួយស្ដេច គឺទាំងអង្គរក្ស និងទាហានទាំងប៉ុន្មានរបស់ស្ដេច ឲ្យទៅគ្រប់ទីកន្លែង ព្រមទាំងយកដាវដេញតាមប្រហារពួកគេពីក្រោយផង។
15. ពេលណាយើងបំបែកពួកគេឲ្យទៅនៅក្នុងចំណោមប្រជាជាតិនានា ពេលណាយើងកំចាត់កំចាយពួកគេទៅនៅតាមស្រុកទាំងឡាយ ពួកគេនឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន។
16. ប៉ុន្តែ យើងទុកឲ្យពួកគេមួយចំនួននៅសេសសល់ គឺគេចផុតពីមុខដាវ ពីទុរ្ភិក្ស និងជំងឺរាតត្បាត ដើម្បីឲ្យរៀបរាប់អំពីការប្រព្រឹត្តគួរស្អប់ខ្ពើមទាំងនេះប្រាប់ប្រជាជាតិនានា។ ពេលនោះ ពួកគេនឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន”»។
17. ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំ ដូចតទៅ៖
18. «កូនមនុស្សអើយ ចូរបរិភោគអាហារ ទាំងញាប់ញ័រ ចូរផឹកទឹកទាំងស្លន់ស្លោ និងភ័យរន្ធត់។
19. ចូរថ្លែងប្រាប់ប្រជាជននៅស្រុកនេះដូចតទៅ: ព្រះជាអម្ចាស់មានព្រះបន្ទូលស្ដីអំពីអ្នកក្រុងយេរូសាឡឹម ដែលរស់នៅលើទឹកដីអ៊ីស្រាអែលថា ពួកគេនឹងបរិភោគអាហារ ទាំងភ័យរន្ធត់ ពួកគេនឹងផឹកទឹកទាំងតក់ស្លុត ដ្បិតស្រុករបស់គេក្លាយទៅជាទីស្មសាន បាត់បង់អ្វីៗទាំងអស់ ព្រោះតែអំពើឃោរឃៅដែលអ្នកស្រុកនេះប្រព្រឹត្ត។
20. ក្រុងដែលធ្លាប់តែមានប្រជាជនកុះករ នឹងក្លាយទៅជាគំនរបាក់បែក ហើយស្រុករបស់ពួកគេក្លាយទៅជាទីស្មសាន។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន»។
21. ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំ ដូចតទៅ៖
22. «កូនមនុស្សអើយ នៅស្រុកអ៊ីស្រាអែល អ្នករាល់គ្នាមានសុភាសិតមួយចែងថា “ពេលវេលាចេះតែបោះជំហានទៅមុខ តែគ្មាននិមិត្តហេតុណាមួយសម្រេចជារូបរាងសោះ!”។