អេសេ‌គាល 11:6-12 Khmer Standard Version (KHSV)

6. អ្នក​រាល់​គ្នា​បាន​សម្លាប់​មនុស្ស​ជា​ច្រើន​នៅ​ក្នុង​ទីក្រុង អ្នក​រាល់​គ្នា​បាន​ធ្វើ​ឲ្យ​មាន​សាក‌សព​ពាស‌ពេញ​ផ្លូវ។

7. ហេតុ​នេះ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា សាក‌សព​ដែល​អ្នក​រាល់​គ្នា​បាន​សម្លាប់​នៅ​ក្នុង​ទីក្រុង ប្រៀប​បាន​នឹង​សាច់​មែន ហើយ​ទីក្រុង​ជា​ឆ្នាំង។ រីឯ​អ្នក​រាល់​គ្នា​វិញ យើង​នឹង​ដេញ​អ្នក​រាល់​គ្នា​ចេញ​ពី​ក្រុង​នេះ។

8. អ្នក​រាល់​គ្នា​ខ្លាច​សង្គ្រាម តែ​យើង​នឹង​ធ្វើ​ឲ្យ​សង្គ្រាម​កើត​មាន​ដល់​អ្នក​រាល់​គ្នា -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

9. យើង​នឹង​ដេញ​អ្នក​រាល់​គ្នា​ចេញ​ពី​ទីក្រុង យើង​នឹង​ប្រគល់​អ្នក​រាល់​គ្នា​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​បរទេស យើង​នឹង​ប្រព្រឹត្ត​ចំពោះ​អ្នក​រាល់​គ្នា​តាម​ការ​វិនិច្ឆ័យ​របស់​យើង។

10. អ្នក​រាល់​គ្នា​នឹង​ដួល​ស្លាប់​ដោយ​មុខ​ដាវ។ យើង​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា ក្នុង​ទឹក​ដី​អ៊ីស្រា‌អែល ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន។

11. ក្រុង​នេះ​មិន​មែន​ជា​ឆ្នាំង​សម្រាប់​អ្នក​រាល់​គ្នា​ទេ អ្នក​រាល់​គ្នា​ក៏​មិន​មែន​ជា​សាច់​នៅ​ក្នុង​ក្រុង​នេះ​ដែរ។ យើង​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា​នៅ​ក្នុង​ទឹក​ដី​អ៊ីស្រា‌អែល។

12. នៅ​ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន។ អ្នក​រាល់​គ្នា​ពុំ​បាន​ប្រព្រឹត្ត​តាម​ច្បាប់​របស់​យើង​ទេ ហើយ​អ្នក​រាល់​គ្នា​ក៏​ពុំ​បាន​ធ្វើ​តាម​វិន័យ​របស់​យើង​ដែរ តែ​អ្នក​រាល់​គ្នា​បែរ​ជា​យក​ទម្លាប់​តាម​ប្រជា‌ជាតិ​នានា ដែល​នៅ​ជុំ‌វិញ»។

អេសេ‌គាល 11