4. ដូច្នេះ កូនមនុស្សអើយ ចូរថ្លែងព្រះបន្ទូល ចូរប្រកាសប្រឆាំងនឹងពួកគេទៅ!»។
5. ពេលនោះ ព្រះវិញ្ញាណរបស់ព្រះអម្ចាស់មកសណ្ឋិតលើខ្ញុំ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «ចូរប្រកាសថា ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: ពូជពង្សអ៊ីស្រាអែលអើយ អ្វីៗដែលអ្នករាល់គ្នានិយាយ អ្វីៗដែលអ្នករាល់គ្នាគិត យើងដឹងទាំងអស់។
6. អ្នករាល់គ្នាបានសម្លាប់មនុស្សជាច្រើននៅក្នុងទីក្រុង អ្នករាល់គ្នាបានធ្វើឲ្យមានសាកសពពាសពេញផ្លូវ។
7. ហេតុនេះ ព្រះជាអម្ចាស់មានព្រះបន្ទូលថា សាកសពដែលអ្នករាល់គ្នាបានសម្លាប់នៅក្នុងទីក្រុង ប្រៀបបាននឹងសាច់មែន ហើយទីក្រុងជាឆ្នាំង។ រីឯអ្នករាល់គ្នាវិញ យើងនឹងដេញអ្នករាល់គ្នាចេញពីក្រុងនេះ។
8. អ្នករាល់គ្នាខ្លាចសង្គ្រាម តែយើងនឹងធ្វើឲ្យសង្គ្រាមកើតមានដល់អ្នករាល់គ្នា -នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
9. យើងនឹងដេញអ្នករាល់គ្នាចេញពីទីក្រុង យើងនឹងប្រគល់អ្នករាល់គ្នាទៅក្នុងកណ្ដាប់ដៃរបស់ជនបរទេស យើងនឹងប្រព្រឹត្តចំពោះអ្នករាល់គ្នាតាមការវិនិច្ឆ័យរបស់យើង។
10. អ្នករាល់គ្នានឹងដួលស្លាប់ដោយមុខដាវ។ យើងនឹងដាក់ទោសអ្នករាល់គ្នា ក្នុងទឹកដីអ៊ីស្រាអែល ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន។
11. ក្រុងនេះមិនមែនជាឆ្នាំងសម្រាប់អ្នករាល់គ្នាទេ អ្នករាល់គ្នាក៏មិនមែនជាសាច់នៅក្នុងក្រុងនេះដែរ។ យើងនឹងដាក់ទោសអ្នករាល់គ្នានៅក្នុងទឹកដីអ៊ីស្រាអែល។
12. នៅពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន។ អ្នករាល់គ្នាពុំបានប្រព្រឹត្តតាមច្បាប់របស់យើងទេ ហើយអ្នករាល់គ្នាក៏ពុំបានធ្វើតាមវិន័យរបស់យើងដែរ តែអ្នករាល់គ្នាបែរជាយកទម្លាប់តាមប្រជាជាតិនានា ដែលនៅជុំវិញ»។