2. ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ ពួកនេះជាមនុស្សរៀបចំគម្រោងការប្រព្រឹត្តអំពើទុច្ចរិត ហើយផ្ដល់យោបល់អាក្រក់ដល់ក្រុងនេះ។
3. ពួកគេពោលថា “គ្មាននរណាសង់ផ្ទះក្នុងពេលឆាប់ៗខាងមុខទេ។ ក្រុងនេះប្រៀបបាននឹងឆ្នាំង រីឯពួកយើង ពួកយើងជាសាច់នៅក្នុងឆ្នាំង”។
4. ដូច្នេះ កូនមនុស្សអើយ ចូរថ្លែងព្រះបន្ទូល ចូរប្រកាសប្រឆាំងនឹងពួកគេទៅ!»។
5. ពេលនោះ ព្រះវិញ្ញាណរបស់ព្រះអម្ចាស់មកសណ្ឋិតលើខ្ញុំ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «ចូរប្រកាសថា ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: ពូជពង្សអ៊ីស្រាអែលអើយ អ្វីៗដែលអ្នករាល់គ្នានិយាយ អ្វីៗដែលអ្នករាល់គ្នាគិត យើងដឹងទាំងអស់។
6. អ្នករាល់គ្នាបានសម្លាប់មនុស្សជាច្រើននៅក្នុងទីក្រុង អ្នករាល់គ្នាបានធ្វើឲ្យមានសាកសពពាសពេញផ្លូវ។
7. ហេតុនេះ ព្រះជាអម្ចាស់មានព្រះបន្ទូលថា សាកសពដែលអ្នករាល់គ្នាបានសម្លាប់នៅក្នុងទីក្រុង ប្រៀបបាននឹងសាច់មែន ហើយទីក្រុងជាឆ្នាំង។ រីឯអ្នករាល់គ្នាវិញ យើងនឹងដេញអ្នករាល់គ្នាចេញពីក្រុងនេះ។
8. អ្នករាល់គ្នាខ្លាចសង្គ្រាម តែយើងនឹងធ្វើឲ្យសង្គ្រាមកើតមានដល់អ្នករាល់គ្នា -នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
9. យើងនឹងដេញអ្នករាល់គ្នាចេញពីទីក្រុង យើងនឹងប្រគល់អ្នករាល់គ្នាទៅក្នុងកណ្ដាប់ដៃរបស់ជនបរទេស យើងនឹងប្រព្រឹត្តចំពោះអ្នករាល់គ្នាតាមការវិនិច្ឆ័យរបស់យើង។
10. អ្នករាល់គ្នានឹងដួលស្លាប់ដោយមុខដាវ។ យើងនឹងដាក់ទោសអ្នករាល់គ្នា ក្នុងទឹកដីអ៊ីស្រាអែល ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន។
11. ក្រុងនេះមិនមែនជាឆ្នាំងសម្រាប់អ្នករាល់គ្នាទេ អ្នករាល់គ្នាក៏មិនមែនជាសាច់នៅក្នុងក្រុងនេះដែរ។ យើងនឹងដាក់ទោសអ្នករាល់គ្នានៅក្នុងទឹកដីអ៊ីស្រាអែល។
12. នៅពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន។ អ្នករាល់គ្នាពុំបានប្រព្រឹត្តតាមច្បាប់របស់យើងទេ ហើយអ្នករាល់គ្នាក៏ពុំបានធ្វើតាមវិន័យរបស់យើងដែរ តែអ្នករាល់គ្នាបែរជាយកទម្លាប់តាមប្រជាជាតិនានា ដែលនៅជុំវិញ»។
13. ពេលខ្ញុំកំពុងថ្លែងព្រះបន្ទូលទាំងនេះ លោកពេឡាធា ជាកូនរបស់លោកបេណាយ៉ា ក៏ស្លាប់មួយរំពេច។ ខ្ញុំក្រាបចុះអោនមុខដល់ដី ហើយស្រែកយ៉ាងខ្លាំងៗថា៖ «ឱព្រះជាអម្ចាស់អើយ! ព្រះអង្គមុខជាប្រល័យជនជាតិអ៊ីស្រាអែល ដែលនៅសេសសល់ ឲ្យវិនាសសូន្យមិនខាន!»។
14. ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំ ដូចតទៅ៖
15. «កូនមនុស្សអើយ ប្រជាជននៅក្រុងយេរូសាឡឹមនាំគ្នាពោលទៅកាន់បងប្អូន និងសាច់ញាតិរបស់អ្នក ព្រមទាំងជនជាតិអ៊ីស្រាអែលទាំងមូលថា “ចូរស្ថិតនៅឲ្យឆ្ងាយពីព្រះអម្ចាស់ ដ្បិតព្រះអង្គប្រគល់ទឹកដីនេះឲ្យតែពួកយើងប៉ុណ្ណោះ”។