13. ពេលខ្ញុំកំពុងថ្លែងព្រះបន្ទូលទាំងនេះ លោកពេឡាធា ជាកូនរបស់លោកបេណាយ៉ា ក៏ស្លាប់មួយរំពេច។ ខ្ញុំក្រាបចុះអោនមុខដល់ដី ហើយស្រែកយ៉ាងខ្លាំងៗថា៖ «ឱព្រះជាអម្ចាស់អើយ! ព្រះអង្គមុខជាប្រល័យជនជាតិអ៊ីស្រាអែល ដែលនៅសេសសល់ ឲ្យវិនាសសូន្យមិនខាន!»។
14. ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំ ដូចតទៅ៖
15. «កូនមនុស្សអើយ ប្រជាជននៅក្រុងយេរូសាឡឹមនាំគ្នាពោលទៅកាន់បងប្អូន និងសាច់ញាតិរបស់អ្នក ព្រមទាំងជនជាតិអ៊ីស្រាអែលទាំងមូលថា “ចូរស្ថិតនៅឲ្យឆ្ងាយពីព្រះអម្ចាស់ ដ្បិតព្រះអង្គប្រគល់ទឹកដីនេះឲ្យតែពួកយើងប៉ុណ្ណោះ”។
16. ចូរប្រាប់បងប្អូនរបស់អ្នកថា “ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: ទោះបីយើងបណ្តេញអ្នករាល់គ្នាទៅក្នុងចំណោមប្រជាជាតិនានា ដែលនៅឆ្ងាយៗ ទោះបីយើងកំចាត់កំចាយអ្នករាល់គ្នាទៅតាមស្រុកផ្សេងៗក្ដី ក៏យើងនឹងធ្វើជាទីសក្ការៈសម្រាប់អ្នករាល់គ្នានៅក្នុងស្រុកទាំងនោះដែរ”។
17. ចូរប្រាប់ពួកគេទៀតថា “ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: យើងនឹងនាំអ្នករាល់គ្នាចេញពីកណ្ដាលចំណោមជាតិសាសន៍នានាមកវិញ យើងនឹងប្រមូលអ្នករាល់គ្នាពីស្រុកទាំងឡាយ ដែលអ្នករាល់គ្នាខ្ចាត់ខ្ចាយទៅ ហើយយើងនឹងប្រគល់ទឹកដីអ៊ីស្រាអែលឲ្យអ្នករាល់គ្នា”។
18. ពួកគេនឹងនាំគ្នាត្រឡប់មកវិញ ហើយដកព្រះក្លែងក្លាយដ៏ចង្រៃគួរឲ្យស្អប់ខ្ពើមទាំងប៉ុន្មាន ចេញពីទឹកដីនេះ។
19. យើងនឹងឲ្យពួកគេមានចិត្តតែមួយ យើងនឹងដាក់វិញ្ញាណថ្មីនៅក្នុងពួកគេ យើងដកចិត្តរឹងដូចថ្មចេញពីពួកគេ ហើយឲ្យពួកគេមានចិត្តចេះស្ដាប់បង្គាប់វិញ
20. ដើម្បីឲ្យពួកគេធ្វើតាមច្បាប់របស់យើង ហើយយកចិត្តទុកដាក់ប្រតិបត្តិតាមវិន័យរបស់យើង។ ពួកគេនឹងទៅជាប្រជារាស្ត្ររបស់យើង យើងក៏ទៅជាព្រះរបស់ពួកគេ។
21. រីឯអស់អ្នកដែលជាប់ចិត្តនឹងព្រះក្លែងក្លាយដ៏ចង្រៃគួរឲ្យស្អប់ខ្ពើមវិញ យើងនឹងដាក់ទោសពួកគេតាមអំពើដែលខ្លួនប្រព្រឹត្ត» -នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
22. ពួកចេរូប៊ីន*ទទះស្លាបហោះ ហើយកង់ក៏ឡើងទៅជាមួយដែរ សិរីរុងរឿងរបស់ព្រះនៃជនជាតិអ៊ីស្រាអែលស្ថិតនៅពីលើចេរូប៊ីនទាំងនោះ។
23. សិរីរុងរឿងរបស់ព្រះអម្ចាស់ក៏អណ្ដែតឡើងពីទីក្រុង ហើយស្ថិតនៅលើភ្នំខាងកើតទីក្រុង។
24. ព្រះវិញ្ញាណលើកខ្ញុំឡើង ហើយនាំខ្ញុំឆ្ពោះទៅស្រុកខាល់ដេ ឲ្យនៅជាមួយប្រជាជនដែលជាប់ជាឈ្លើយ។ បន្ទាប់មក និមិត្តហេតុអស្ចារ្យដែលព្រះវិញ្ញាណរបស់ព្រះអម្ចាស់សម្តែងឲ្យខ្ញុំឃើញនោះ ក៏រលាយបាត់ទៅ។
25. ខ្ញុំក៏និយាយប្រាប់ប្រជាជនជាប់ជាឈ្លើយនូវអ្វីៗទាំងប៉ុន្មាន ដែលព្រះអម្ចាស់សម្តែងឲ្យខ្ញុំឃើញ។