អេសេ‌គាល 11:1-6 Khmer Standard Version (KHSV)

1. ព្រះ‌វិញ្ញាណ​លើក​ខ្ញុំ​ឡើង ហើយ​នាំ​ខ្ញុំ​ឆ្ពោះ​ទៅ​ទ្វារ​ខាង​កើត​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។ មាន​មនុស្ស​ម្ភៃ​ប្រាំ​នាក់​អង្គុយ​នៅ​មាត់​ទ្វារ​នោះ។ ខ្ញុំ​ឃើញ​មេ​ដឹក​នាំ​ពីរ​នាក់​របស់​ប្រជា‌ជន ស្ថិត​នៅ​កណ្ដាល​ចំណោម​ពួក​គេ គឺ​លោក​យ៉ាសា‌នា ជា​កូន​របស់​លោក​អស៊ើរ និង​លោក​ពេឡា‌ធា ជា​កូន​របស់​លោក​បេណា‌យ៉ា។

2. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ ពួក​នេះ​ជា​មនុស្ស​រៀបចំ​គម្រោង‌ការ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ហើយ​ផ្ដល់​យោបល់​អាក្រក់​ដល់​ក្រុង​នេះ។

3. ពួក​គេ​ពោល​ថា “គ្មាន​នរណា​សង់​ផ្ទះ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​ទេ។ ក្រុង​នេះ​ប្រៀប​បាន​នឹង​ឆ្នាំង រីឯ​ពួក​យើង ពួក​យើង​ជា​សាច់​នៅ​ក្នុង​ឆ្នាំង”។

4. ដូច្នេះ កូន​មនុស្ស​អើយ ចូរ​ថ្លែង​ព្រះ‌បន្ទូល ចូរ​ប្រកាស​ប្រឆាំង​នឹង​ពួក​គេ​ទៅ!»។

5. ពេល​នោះ ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់​មក​សណ្ឋិត​លើ​ខ្ញុំ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​ប្រកាស​ថា ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ពូជ‌ពង្ស​អ៊ីស្រា‌អែល​អើយ អ្វីៗ​ដែល​អ្នក​រាល់​គ្នា​និយាយ អ្វីៗ​ដែល​អ្នក​រាល់​គ្នា​គិត យើង​ដឹង​ទាំង​អស់។

6. អ្នក​រាល់​គ្នា​បាន​សម្លាប់​មនុស្ស​ជា​ច្រើន​នៅ​ក្នុង​ទីក្រុង អ្នក​រាល់​គ្នា​បាន​ធ្វើ​ឲ្យ​មាន​សាក‌សព​ពាស‌ពេញ​ផ្លូវ។

អេសេ‌គាល 11