អេសេ‌គាល 11:1-14 Khmer Standard Version (KHSV)

1. ព្រះ‌វិញ្ញាណ​លើក​ខ្ញុំ​ឡើង ហើយ​នាំ​ខ្ញុំ​ឆ្ពោះ​ទៅ​ទ្វារ​ខាង​កើត​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។ មាន​មនុស្ស​ម្ភៃ​ប្រាំ​នាក់​អង្គុយ​នៅ​មាត់​ទ្វារ​នោះ។ ខ្ញុំ​ឃើញ​មេ​ដឹក​នាំ​ពីរ​នាក់​របស់​ប្រជា‌ជន ស្ថិត​នៅ​កណ្ដាល​ចំណោម​ពួក​គេ គឺ​លោក​យ៉ាសា‌នា ជា​កូន​របស់​លោក​អស៊ើរ និង​លោក​ពេឡា‌ធា ជា​កូន​របស់​លោក​បេណា‌យ៉ា។

2. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ ពួក​នេះ​ជា​មនុស្ស​រៀបចំ​គម្រោង‌ការ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ហើយ​ផ្ដល់​យោបល់​អាក្រក់​ដល់​ក្រុង​នេះ។

3. ពួក​គេ​ពោល​ថា “គ្មាន​នរណា​សង់​ផ្ទះ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​ទេ។ ក្រុង​នេះ​ប្រៀប​បាន​នឹង​ឆ្នាំង រីឯ​ពួក​យើង ពួក​យើង​ជា​សាច់​នៅ​ក្នុង​ឆ្នាំង”។

4. ដូច្នេះ កូន​មនុស្ស​អើយ ចូរ​ថ្លែង​ព្រះ‌បន្ទូល ចូរ​ប្រកាស​ប្រឆាំង​នឹង​ពួក​គេ​ទៅ!»។

5. ពេល​នោះ ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់​មក​សណ្ឋិត​លើ​ខ្ញុំ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​ប្រកាស​ថា ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ពូជ‌ពង្ស​អ៊ីស្រា‌អែល​អើយ អ្វីៗ​ដែល​អ្នក​រាល់​គ្នា​និយាយ អ្វីៗ​ដែល​អ្នក​រាល់​គ្នា​គិត យើង​ដឹង​ទាំង​អស់។

6. អ្នក​រាល់​គ្នា​បាន​សម្លាប់​មនុស្ស​ជា​ច្រើន​នៅ​ក្នុង​ទីក្រុង អ្នក​រាល់​គ្នា​បាន​ធ្វើ​ឲ្យ​មាន​សាក‌សព​ពាស‌ពេញ​ផ្លូវ។

7. ហេតុ​នេះ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា សាក‌សព​ដែល​អ្នក​រាល់​គ្នា​បាន​សម្លាប់​នៅ​ក្នុង​ទីក្រុង ប្រៀប​បាន​នឹង​សាច់​មែន ហើយ​ទីក្រុង​ជា​ឆ្នាំង។ រីឯ​អ្នក​រាល់​គ្នា​វិញ យើង​នឹង​ដេញ​អ្នក​រាល់​គ្នា​ចេញ​ពី​ក្រុង​នេះ។

8. អ្នក​រាល់​គ្នា​ខ្លាច​សង្គ្រាម តែ​យើង​នឹង​ធ្វើ​ឲ្យ​សង្គ្រាម​កើត​មាន​ដល់​អ្នក​រាល់​គ្នា -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

9. យើង​នឹង​ដេញ​អ្នក​រាល់​គ្នា​ចេញ​ពី​ទីក្រុង យើង​នឹង​ប្រគល់​អ្នក​រាល់​គ្នា​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​បរទេស យើង​នឹង​ប្រព្រឹត្ត​ចំពោះ​អ្នក​រាល់​គ្នា​តាម​ការ​វិនិច្ឆ័យ​របស់​យើង។

10. អ្នក​រាល់​គ្នា​នឹង​ដួល​ស្លាប់​ដោយ​មុខ​ដាវ។ យើង​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា ក្នុង​ទឹក​ដី​អ៊ីស្រា‌អែល ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន។

11. ក្រុង​នេះ​មិន​មែន​ជា​ឆ្នាំង​សម្រាប់​អ្នក​រាល់​គ្នា​ទេ អ្នក​រាល់​គ្នា​ក៏​មិន​មែន​ជា​សាច់​នៅ​ក្នុង​ក្រុង​នេះ​ដែរ។ យើង​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា​នៅ​ក្នុង​ទឹក​ដី​អ៊ីស្រា‌អែល។

12. នៅ​ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន។ អ្នក​រាល់​គ្នា​ពុំ​បាន​ប្រព្រឹត្ត​តាម​ច្បាប់​របស់​យើង​ទេ ហើយ​អ្នក​រាល់​គ្នា​ក៏​ពុំ​បាន​ធ្វើ​តាម​វិន័យ​របស់​យើង​ដែរ តែ​អ្នក​រាល់​គ្នា​បែរ​ជា​យក​ទម្លាប់​តាម​ប្រជា‌ជាតិ​នានា ដែល​នៅ​ជុំ‌វិញ»។

13. ពេល​ខ្ញុំ​កំពុង​ថ្លែង​ព្រះ‌បន្ទូល​ទាំង​នេះ លោក​ពេឡា‌ធា ជា​កូន​របស់​លោក​បេណា‌យ៉ា ក៏​ស្លាប់​មួយ​រំពេច។ ខ្ញុំ​ក្រាប​ចុះ​អោន​មុខ​ដល់​ដី ហើយ​ស្រែក​យ៉ាង​ខ្លាំងៗ​ថា៖ «ឱ​ព្រះ‌ជា‌អម្ចាស់​អើយ! ព្រះ‌អង្គ​មុខ​ជា​ប្រល័យ​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​នៅ​សេស‌សល់ ឲ្យ​វិនាស​សូន្យ​មិន​ខាន!»។

14. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ ដូច​ត​ទៅ៖

អេសេ‌គាល 11