9. ខ្ញុំក្រឡេកមើលទៅ ឃើញមានកង់បួននៅក្បែរពួកចេរូប៊ីន គឺនៅក្បែរចេរូប៊ីននីមួយៗមានកង់មួយ។ កង់ទាំងនោះភ្លឺចាំងដូចត្បូងពេជ្រ។
10. កង់ទាំងបួនមានទ្រង់ទ្រាយ និងមានសណ្ឋានដូចៗគ្នាទាំងអស់ គឺភ្លឺចាំងដូចត្បូងពេជ្រ។ ដោយកង់ទាំងនោះមានទ្រង់ទ្រាយ និងមានរាងដូចៗគ្នា មើលទៅហាក់ដូចជាកង់មួយស្ថិតនៅក្នុងកង់មួយទៀត។
11. ពេលកង់ទាំងនោះវិលទៅមុខ វាអាចវិលទៅទិសទាំងបួន ដោយឥតងាករេ គឺវាវិលទៅមុខ តាមទិសដែលមុខរបស់ចេរូប៊ីនបែរទៅគេ ដោយឥតងាករេឡើយ។
12. រូបកាយរបស់ចេរូប៊ីនទាំងមូល គឺខ្នង ដៃ ស្លាប មានផ្កាភ្លើងពាសពេញ ហើយតាមរង្វង់កង់របស់ចេរូប៊ីនទាំងបួនក៏មានផ្កាភ្លើងពាសពេញដែរ។
13. ខ្ញុំឮគេហៅកង់ទាំងនោះថា “ខ្យល់កួច”។
14. ចេរូប៊ីននីមួយៗមានមុខបួន។ មុខទីមួយដូចមុខចេរូប៊ីន មុខទីពីរដូចមុខមនុស្ស មុខទីបីដូចមុខសិង្ហ មុខទីបួនដូចមុខឥន្ទ្រី។
15. ពួកចេរូប៊ីនទាំងនោះក៏ហោះឡើង គឺសត្វលោកដែលខ្ញុំបានឃើញក្បែរទន្លេកេបារ។
16. ពេលចេរូប៊ីនទៅមុខ កង់ក៏វិលទៅមុខជាមួយ ពេលចេរូប៊ីនទទះស្លាបហោះឡើងផុតពីដី កង់ក៏នៅជាប់ជាមួយដែរ។
17. ពេលចេរូប៊ីនឈប់ កង់ក៏ឈប់ ពេលចេរូប៊ីនឡើង កង់ក៏ឡើងទៅជាមួយ ដ្បិតវិញ្ញាណរបស់សត្វលោកទាំងនោះស្ថិតនៅក្នុងកង់។
18. សិរីរុងរឿងរបស់ព្រះអម្ចាស់អណ្ដែតឡើងពីមាត់ទ្វារព្រះដំណាក់ ទៅសណ្ឋិតលើពួកចេរូប៊ីន។
19. ខ្ញុំឃើញចេរូប៊ីនទាំងនោះទទះស្លាបហោះឡើង ហើយកង់ក៏ទៅជាមួយដែរ។ សិរីរុងរឿងរបស់ព្រះនៃជនជាតិអ៊ីស្រាអែលសណ្ឋិតនៅលើចេរូប៊ីន ហើយឈប់នៅមាត់ទ្វារកំពែងខាងកើតនៃព្រះដំណាក់របស់ព្រះអម្ចាស់។