1. ខ្ញុំក្រឡេកមើលទៅ ឃើញមានលំហអាកាសនៅពីលើក្បាលរបស់ពួកចេរូប៊ីន*។ ក្នុងលំហអាកាសនោះ មានដូចជាបល្ល័ង្កមួយធ្វើពីត្បូងកណ្ដៀង។
2. ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់បុរសដែលពាក់អាវទេសឯកសុទ្ធនោះថា៖ «ចូរចូលទៅខាងក្នុងកង់ ដែលស្ថិតនៅពីក្រោមពួកចេរូប៊ីន ហើយយករងើកភ្លើង ដែលកំពុងតែឆេះនៅចន្លោះពួកចេរូប៊ីនពេញមួយក្បង់ដៃ រួចជះទៅលើទីក្រុងទៅ!»។ខ្ញុំក៏ឃើញបុរសនោះចូលទៅ។
3. ពេលគាត់ទៅដល់ ពួកចេរូប៊ីនស្ថិតនៅខាងស្ដាំព្រះដំណាក់ ហើយមានពពកពាសពេញទីលានខាងក្នុង។
4. សិរីរុងរឿងរបស់ព្រះអម្ចាស់អណ្ដែតឡើងពីលើពួកចេរូប៊ីន ឆ្ពោះកាន់មាត់ទ្វារព្រះដំណាក់។ មានពពកនៅពេញព្រះដំណាក់ ហើយទីលានក៏ពេញទៅដោយរស្មីនៃសិរីរុងរឿងរបស់ព្រះអម្ចាស់។
5. សន្ធឹកស្លាបរបស់ពួកចេរូប៊ីន លាន់ឮរហូតទៅដល់ទីលានខាងក្រៅ មានសូរស័ព្ទដូចព្រះសូរសៀងរបស់ព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត។
6. ព្រះអម្ចាស់បង្គាប់ទៅបុរសដែលពាក់អាវទេសឯកសុទ្ធដូចតទៅ៖ «ចូរយកភ្លើងពីក្នុងកង់ នៅចន្លោះពួកចេរូប៊ីនមក!»។ បុរសនោះក៏ទៅឈរក្បែរកង់។