3. ព្រះអម្ចាស់មានព្រះបន្ទូលមកលោកអេសេគាល ជាកូនរបស់លោកបូជាចារ្យប៊ូស៊ី នៅស្រុកខាល់ដេ ជិតទន្លេកេបារ។ ពេលនោះ ព្រះអម្ចាស់ដាក់ព្រះហស្ដលើលោក។
4. ខ្ញុំក្រឡេកមើលទៅ ឃើញមានខ្យល់ព្យុះបក់បោកមកពីទិសខាងជើង មានដុំពពកមួយយ៉ាងធំ និងមានផ្លេកបន្ទោរចេញពីពពកនោះ ទាំងមានពន្លឺព័ទ្ធជុំវិញ ហើយនៅចំកណ្ដាលមានដុំភ្លើងមួយបញ្ចេញរស្មីយ៉ាងត្រចះត្រចង់។
5. នៅខាងក្នុងពពកនោះ មានសត្វលោកបួន ដែលមានទ្រង់ទ្រាយដូចមនុស្ស។
6. សត្វនីមួយៗមានមុខបួន និងស្លាបបួន។
7. ជើងរបស់សត្វទាំងនោះត្រង់ រីឯប្រអប់ជើងមានរាងដូចក្រចកជើងកូនគោ ហើយចាំងពន្លឺដូចលង្ហិនដ៏រលោង។
8. នៅក្រោមស្លាបទាំងបួន មានដៃដូចដៃមនុស្ស លាតសន្ធឹងទៅរកទិសទាំងបួន ដូចមុខ និងស្លាបដែរ។
9. ស្លាបរបស់សត្វទាំងនោះភ្ជាប់គ្នាទៅវិញទៅមក។ សត្វទាំងបួនហើរតម្រង់ទៅមុខជានិច្ច ឥតងាករេឡើយ។
10. សត្វនីមួយៗមានមុខបួន នៅផ្នែកខាងមុខមានភិនភាគដូចមនុស្ស ផ្នែកខាងស្ដាំដូចសិង្ហ ផ្នែកខាងឆ្វេងដូចគោ និងផ្នែកខាងក្រោយដូចឥន្ទ្រី។
11. ស្លាបពីររបស់សត្វនីមួយៗត្រដាងទៅលើ ហើយជាប់គ្នាទៅវិញទៅមក រីឯស្លាបពីរទៀតហ៊ុមព័ទ្ធរូបកាយ។