17. ពេលកង់ទាំងនោះវិលទៅមុខ វាវិលទៅទិសទាំងបួនដោយឥតងាករេ។
18. កង់នោះមានកំពស់ខ្ពស់អស្ចារ្យ ហើយនៅតាមរង្វង់កង់ទាំងបួនមានផ្កាភ្លើងនៅពាសពេញ។
19. ពេលសត្វទាំងបួនទៅមុខ កង់ក៏វិលទៅមុខ ពេលសត្វទាំងបួនហោះឡើងផុតពីដី កង់ក៏ឡើងដែរ។
20. សត្វទាំងនោះហោះទៅមុខ តាមវិញ្ញាណជំរុញឲ្យទៅ ហើយកង់ក៏ហោះឡើងទៅដែរ ដ្បិតវិញ្ញាណរបស់សត្វទាំងនោះស្ថិតនៅក្នុងកង់។
21. ពេលសត្វទៅមុខ កង់ក៏ទៅមុខ ពេលសត្វឈប់ កង់ក៏ឈប់ ពេលសត្វឡើងផុតពីដី កង់ក៏ឡើងទៅជាមួយ ដ្បិតវិញ្ញាណរបស់សត្វទាំងនោះស្ថិតនៅក្នុងកង់។
22. នៅលើក្បាលសត្វនីមួយៗមានដូចជាលំហអាកាស ដែលចាំងពន្លឺរស្មីដ៏ភ្លឺថ្លាពីលើក្បាលសត្វទាំងនោះ។
23. នៅក្រោមលំហ ស្លាបពីររបស់សត្វនីមួយៗសំកាំងយ៉ាងត្រង់ជាប់គ្នាទៅវិញទៅមក ស្លាបពីរទៀតហ៊ុមព័ទ្ធជុំវិញខ្លួន។
24. ពេលសត្វទាំងនោះហោះទៅមុខ ខ្ញុំឮសន្ធឹកស្លាបដូចសូរស័ព្ទមហាសាគរ និងដូចព្រះសូរសៀងរបស់ព្រះដ៏មានឫទ្ធានុភាពដ៏ខ្ពង់ខ្ពស់បំផុត។ សន្ធឹកស្លាបនោះក៏លាន់ឮឡើងយ៉ាងទ្រហឹងអឺងអាប់ ដូចសន្ធឹកកងទ័ព។ នៅពេលសត្វនោះឈប់ហើរ គេក៏ទម្លាក់ស្លាបចុះ។
25. មានសំឡេងមួយលេចឮពីលំហអាកាសដែលស្ថិតនៅលើក្បាលសត្វទាំងបួន នៅពេលសត្វនោះឈប់ហើរ គេទម្លាក់ស្លាបចុះ។
26. នៅលើលំហអាកាសដែលស្ថិតនៅលើក្បាលសត្វទាំងនោះ មានដូចជាត្បូងកណ្ដៀងមួយ ដែលមានរាងជាបល្ល័ង្ក។ នៅលើត្បូងដែលមានរាងជាបល្ល័ង្កនោះ គឺនៅខាងលើបំផុត មានដូចជាទ្រង់ទ្រាយរបស់មនុស្សម្នាក់។
27. ខ្ញុំក៏បានឃើញពន្លឺក្រហមឆ្អៅ ភ្លឺដូចភ្លើងនៅជុំវិញ ហើយពីត្រង់កន្លែងដែលមានរាងដូចចង្កេះឡើងទៅលើ និងពីត្រង់កន្លែងដែលមានរាងដូចចង្កេះចុះទៅក្រោម ក៏មានដូចជាពន្លឺភ្លើងដ៏ភ្លឺត្រចះត្រចង់ព័ទ្ធជុំវិញដែរ។
28. ពន្លឺដ៏ត្រចះត្រចង់ព័ទ្ធជុំវិញនោះ ដូចឥន្ទធនូ នៅថ្ងៃមានភ្លៀង គឺដូចជារស្មីនៃសិរីរុងរឿងរបស់ព្រះអម្ចាស់។ ពេលឃើញភ្លាម ខ្ញុំក្រាបថ្វាយបង្គំអោនមុខដល់ដី ហើយខ្ញុំឮសំឡេងមួយពោលមកកាន់ខ្ញុំ។