16. កង់ទាំងនោះមានទ្រង់ទ្រាយ និងមានសណ្ឋានដូចៗគ្នាទាំងអស់ គឺភ្លឺចាំងដូចត្បូងពេជ្រ ហើយកង់មួយហាក់ដូចជាស្ថិតនៅក្នុងកង់មួយទៀត។
17. ពេលកង់ទាំងនោះវិលទៅមុខ វាវិលទៅទិសទាំងបួនដោយឥតងាករេ។
18. កង់នោះមានកំពស់ខ្ពស់អស្ចារ្យ ហើយនៅតាមរង្វង់កង់ទាំងបួនមានផ្កាភ្លើងនៅពាសពេញ។
19. ពេលសត្វទាំងបួនទៅមុខ កង់ក៏វិលទៅមុខ ពេលសត្វទាំងបួនហោះឡើងផុតពីដី កង់ក៏ឡើងដែរ។
20. សត្វទាំងនោះហោះទៅមុខ តាមវិញ្ញាណជំរុញឲ្យទៅ ហើយកង់ក៏ហោះឡើងទៅដែរ ដ្បិតវិញ្ញាណរបស់សត្វទាំងនោះស្ថិតនៅក្នុងកង់។
21. ពេលសត្វទៅមុខ កង់ក៏ទៅមុខ ពេលសត្វឈប់ កង់ក៏ឈប់ ពេលសត្វឡើងផុតពីដី កង់ក៏ឡើងទៅជាមួយ ដ្បិតវិញ្ញាណរបស់សត្វទាំងនោះស្ថិតនៅក្នុងកង់។
22. នៅលើក្បាលសត្វនីមួយៗមានដូចជាលំហអាកាស ដែលចាំងពន្លឺរស្មីដ៏ភ្លឺថ្លាពីលើក្បាលសត្វទាំងនោះ។
23. នៅក្រោមលំហ ស្លាបពីររបស់សត្វនីមួយៗសំកាំងយ៉ាងត្រង់ជាប់គ្នាទៅវិញទៅមក ស្លាបពីរទៀតហ៊ុមព័ទ្ធជុំវិញខ្លួន។
24. ពេលសត្វទាំងនោះហោះទៅមុខ ខ្ញុំឮសន្ធឹកស្លាបដូចសូរស័ព្ទមហាសាគរ និងដូចព្រះសូរសៀងរបស់ព្រះដ៏មានឫទ្ធានុភាពដ៏ខ្ពង់ខ្ពស់បំផុត។ សន្ធឹកស្លាបនោះក៏លាន់ឮឡើងយ៉ាងទ្រហឹងអឺងអាប់ ដូចសន្ធឹកកងទ័ព។ នៅពេលសត្វនោះឈប់ហើរ គេក៏ទម្លាក់ស្លាបចុះ។
25. មានសំឡេងមួយលេចឮពីលំហអាកាសដែលស្ថិតនៅលើក្បាលសត្វទាំងបួន នៅពេលសត្វនោះឈប់ហើរ គេទម្លាក់ស្លាបចុះ។
26. នៅលើលំហអាកាសដែលស្ថិតនៅលើក្បាលសត្វទាំងនោះ មានដូចជាត្បូងកណ្ដៀងមួយ ដែលមានរាងជាបល្ល័ង្ក។ នៅលើត្បូងដែលមានរាងជាបល្ល័ង្កនោះ គឺនៅខាងលើបំផុត មានដូចជាទ្រង់ទ្រាយរបស់មនុស្សម្នាក់។