13. នៅចន្លោះសត្វទាំងបួនមានទ្រង់ទ្រាយដូចជាគប់ភ្លើង ហើយភ្លើងនោះធ្វើចលនាពីសត្វមួយទៅសត្វមួយ ទាំងបញ្ចេញពន្លឺរស្មីភ្លឺផ្លេក។
14. សត្វទាំងបួនហើរចុះឡើង លឿនដូចរន្ទះ។
15. ពេលខ្ញុំសម្លឹងមើលសត្វទាំងបួន ខ្ញុំឃើញមានកង់នៅដី ចំពីមុខសត្វទាំងបួន។
16. កង់ទាំងនោះមានទ្រង់ទ្រាយ និងមានសណ្ឋានដូចៗគ្នាទាំងអស់ គឺភ្លឺចាំងដូចត្បូងពេជ្រ ហើយកង់មួយហាក់ដូចជាស្ថិតនៅក្នុងកង់មួយទៀត។
17. ពេលកង់ទាំងនោះវិលទៅមុខ វាវិលទៅទិសទាំងបួនដោយឥតងាករេ។
18. កង់នោះមានកំពស់ខ្ពស់អស្ចារ្យ ហើយនៅតាមរង្វង់កង់ទាំងបួនមានផ្កាភ្លើងនៅពាសពេញ។
19. ពេលសត្វទាំងបួនទៅមុខ កង់ក៏វិលទៅមុខ ពេលសត្វទាំងបួនហោះឡើងផុតពីដី កង់ក៏ឡើងដែរ។
20. សត្វទាំងនោះហោះទៅមុខ តាមវិញ្ញាណជំរុញឲ្យទៅ ហើយកង់ក៏ហោះឡើងទៅដែរ ដ្បិតវិញ្ញាណរបស់សត្វទាំងនោះស្ថិតនៅក្នុងកង់។
21. ពេលសត្វទៅមុខ កង់ក៏ទៅមុខ ពេលសត្វឈប់ កង់ក៏ឈប់ ពេលសត្វឡើងផុតពីដី កង់ក៏ឡើងទៅជាមួយ ដ្បិតវិញ្ញាណរបស់សត្វទាំងនោះស្ថិតនៅក្នុងកង់។
22. នៅលើក្បាលសត្វនីមួយៗមានដូចជាលំហអាកាស ដែលចាំងពន្លឺរស្មីដ៏ភ្លឺថ្លាពីលើក្បាលសត្វទាំងនោះ។
23. នៅក្រោមលំហ ស្លាបពីររបស់សត្វនីមួយៗសំកាំងយ៉ាងត្រង់ជាប់គ្នាទៅវិញទៅមក ស្លាបពីរទៀតហ៊ុមព័ទ្ធជុំវិញខ្លួន។